ព័ត៌មានអន្តរជាតិ

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមចិន

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមចិន កាលពីថ្ងៃទី ១១ ខែសីហា។

នៅពេលអ្នកសារព័ត៌មានសួរសំណួរ អំពីសមិទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ចិន-អាស៊ាន លើកនេះ លោក Wang Yi បានលើកឡើងថា សមិទ្ធផលដ៏ធំបំផុត នៃកិច្ចប្រជុំលើកនេះ គឺការអនុវត្តទាំងស្រុងនូវគំនិតឯកភាពរួម នៃកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនង ការសន្ទនាចិន-អាស៊ានរហូត ឈានដល់ផែនការប្រតិបត្តិការ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយចិន-អាស៊ាន និងគ្រោងចំណុចសំខាន់ និងទិសដៅនៃកិច្ចសហប្រតិបត្តិការ ជំហានបន្ទាប់។

បណ្តាភាគីទាំងអស់ បានសម្រេចជាឯកច្ឆ័ន្ទ លើការប្រកាន់ខ្ជាប់នូវគោលគំនិត អំពីការចាត់ទុកការអភិវឌ្ឍជាអាទិភាព ចែករំលែកាលានុវត្តភាពអភិវឌ្ឍន៍ តភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងបង្កើតគំរូអភិវឌ្ឍន៍។

ទាក់ទិននឹងគំនិតឯកភាពរួមដ៏សំខាន់ ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ច នៅកម្ពុជា លោក Wang Yi បានមានប្រសាសន៍ថា ប្រទេសចិននិងកម្ពុជា ជាប្រទេសជិតខាងដ៏សំខាន់ និងជាមិត្តដែកថែប។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីកម្ពុជា បានបង្ហាញពីគោលជំហរយ៉ាងច្បាស់ អំពីការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ប្រឆាំងយ៉ាងដាច់ខាតនូវរាល់ពាក្យសម្តី ឬទង្វើណាមួយដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយនឹងឈរយ៉ាងរឹងមាំ ជាមួយប្រជាជនចិនជាង ១,៤ ពាន់លាននាក់។ ភាគីទាំងពីរបានឯកភាពគ្នា លើការយកគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ធ្វើជាគោលការណ៍ណែនាំ និងឆ្លៀតឱកាសពិភាក្សា អំពីការចុះហត្ថលេខាលើផែនការ ប្រតិបត្តិការថ្មីអំពីសហគមន៍រួមវាសនា ដើម្បីគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់ ក្នុងការបន្តផ្លូវអភិវឌ្ឍន៍ដែលសមស្រប នឹងស្ថានភាពជាតិរៀងៗខ្លួន និងនាំមុខក្នុងការជំរុញការអនុវត្ត យ៉ាងជាក់ស្តែងនូវគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល៕

To Top