តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា កិច្ចព្រមព្រៀង ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ គឺអាចធ្វើទៅបានក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើអាមេរិក បង្ហាញភាពបត់បែនក្នុងការ ផ្តល់ការធានាលើការទាមទាររបស់អ៊ីរ៉ង់។
លោក Hossein Amir-Abdollahian ត្រូវបានដកស្រង់សម្តីថា អ៊ីរ៉ង់នឹងបង្ហាញសេចក្តី សង្ខេបចុងក្រោយរបស់ខ្លួន ស្តីពីជុំចុងក្រោយនៃ កិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន ទៅកាន់អ្នកសម្របសម្រួលសហភាពអឺរ៉ុប ហើយប្រសិនបើជនជាតិអាមេរិក បង្ហាញភាពបត់បែន យើងនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃខាងមុខ” ។
លោកបានលើកឡើងថា “បច្ចុប្បន្ននេះ យើងកំពុងផ្លាស់ប្តូរសារជាមួយសហរដ្ឋអាមេរិក អំពីបញ្ហាជាក់លាក់ចំនួនបី” លោកបានបន្ថែមថា “យើងបានប្រាប់អាមេរិកយ៉ាងច្បាស់ថា ប្រសិនបើទស្សនៈ របស់យើងលើបញ្ហាទាំងបីនេះ ដែលសមហេតុផលត្រូវបានធានា នោះយើងត្រៀមខ្លួនជាស្រេច ដើម្បីចូលទៅក្នុងដំណាក់កាលនៃ ការប្រកាសកិច្ចព្រមព្រៀង”។
អ្នកការទូតកំពូលរបស់អ៊ីរ៉ង់ បានលើកឡើងថា ភាគីអាមេរិក បានបង្ហាញពីភាពបត់បែន លើបញ្ហាពីរក្នុងកម្រិតជាក់លាក់មួយក្នុងអំឡុងពេលកិច្ចចរចានា ពេលថ្មីៗនេះនៅទីក្រុងវីយែន ប៉ុន្តែភាពបត់បែននេះ “គួរតែត្រូវបានបកប្រែជាអត្ថបទ”។
លោកបានបន្ថែមថា បញ្ហាទីបី គឺមានសារៈសំខាន់ផងដែរសម្រាប់អ៊ីរ៉ង់ ព្រោះវាទាក់ទងនឹងការធានា ចាំបាច់លើការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ លោក Amir-Abdollahian បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអ៊ីរ៉ង់ នឹងមិនចងសេដ្ឋកិច្ចរបស់ប្រទេសនេះទៅនឹងលទ្ធផល នៃការចរចានុយក្លេអ៊ែរនោះទេ។
ជុំចុងក្រោយនៃកិច្ចចរចានុយក្លេអ៊ែរ ត្រូវបានធ្វើឡើងនៅរដ្ឋធានីអូទ្រីស កាលពីដើមខែសីហា បន្ទាប់ពីបានផ្អាកអស់រយៈពេល ៥ខែ។ កាលពីថ្ងៃទី០៨ ខែសីហា សហភាពអឺរ៉ុប បានដាក់ចេញនូវ “អត្ថបទចុងក្រោយ” នៃសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយរង់ចាំការសម្រេចចិត្ត ផ្នែកនយោបាយពីអ្នកចូលរួមកិច្ចចរចានៅទីក្រុងវីយែន៕
ប្រែសម្រួល ឈូក បូរ៉ា