ព័ត៌មានអន្តរជាតិ

សម្ដេច ស ខេង ប្រាប់អាជ្ញាធរឱ្យគាំទ្រ ប្រជាការពារដែលជាកម្លាំង ពង្រឹងសន្តិសុខមូលដ្ឋាន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្ដល់ការគាំទ្រដល់កម្លាំង ប្រជាការពារដែលជាកម្លាំង រួមចំណែកពង្រឹងការងារសន្តិសុខ ក្នុងមូលដ្ឋាន ជាមួយប៉ុស្តិ៍រដ្ឋបាល។

ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិត បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង បានលើកឡើងអំពីសារៈសំខាន់ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការអនុវត្តសាកល្បងការ អនុវត្តទោសក្រៅពន្ធនាគារ និងការធ្វើកំណែទម្រង់ប៉ុស្តិ៍នគរបាលរដ្ឋបាល ពិសេសការរំលែកក្របខ័ណ្ឌ មន្រ្តីមកឲ្យអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់។

សម្ដេច បញ្ជាក់ថា «ស្នើរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បន្តផ្ដល់ការគាំទ្រដល់កម្លាំងប្រជាការពារ ដែលជាកម្លាំងរួមចំណែកពង្រឹង ការងារសន្តិសុខនៅតាមមូលដ្ឋាន ជាមួយនឹងប៉ុស្តិ៍រដ្ឋបាល»។

នាឱកាសនោះ សម្ដេច ស ខេង ក៏បានគូសបញ្ជាក់ជាថ្មីទៀត អំពីទិសដៅក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយការបញ្ជូន មន្រ្តីនគរបាលជាតិទៅរៀននៅក្រៅប្រទេស និងការបណ្ដុះបណ្ដាលគ្រូ នគរបាលបន្តវេនបន្ថែមទៀត ដើម្បីពង្រឹងការបណ្ដុះបណ្ដាល កងកម្លាំងក្របខ័ណ្ឌថ្មី និងមន្រ្តីនគរបាលជាតិឱ្យមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ក្នុងការបម្រើជាតិ និងបម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងផែនការកំណែទម្រង់របស់ក្រសួងមហាផ្ទៃ៕

To Top