គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform គ្រប់គ្រង ដោយរដ្ឋាភិបាល អ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តី អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson ថា អាល្លឺម៉ង់ និង ស៊ុយអែត មិនជំទាស់នឹងការប្រើប្រាស់អាវុធ របស់ពួកគេដោយអ៊ុយក្រែន ដើម្បីទទួលបានការគ្រប់គ្រងឡើងវិញ លើឧបទ្វីបគ្រីមៀនោះ ។
យោងតាមទីភ្នាក់ងារនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោកស្រី Andersson ក្នុងទីក្រុង Stockholm លោក Scholz បានលើកឡើងថា អ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធ ដែលខ្លួនទទួលបានពីដៃ គូលោកខាងលិច “ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន”។
ចំណែកលោកស្រី Andersson បានលើកឡើងថា ការផ្តល់អាវុធដល់អ៊ុយក្រែន គឺជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ដែលធ្វើឡើងដោយស៊ុយអែត និងអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ឧបទ្វីបគ្រីមៀ ត្រូវបានបញ្ចូលទៅ ក្នុងប្រទេសរុស្ស៊ីក្នុងខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិក្នុងស្រុក ដែលទទួលស្គាល់ដោយទីក្រុងម៉ូស្គូ ហើយអ៊ុយក្រែនបានឲ្យដឹងថា ឧបទ្វីបនេះ ត្រូវបានបញ្ចូល៕
ប្រែសម្រួល ឈូក បូរ៉ា