តេអេរ៉ង់ ៖ ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Nour News បានរាយការណ៍ថា មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់ម្នាក់ បានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់ នឹងមិនថយក្រោយ ពីបន្ទាត់ក្រហម ណាមួយរបស់ខ្លួន ក្នុងអំឡុងពេលកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ។
លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល របស់អ៊ីរ៉ង់ (SNSC) លោក Ali Shamkhani បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំ របស់លោក ជាមួយសមាជិក នៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេស របស់សភា នេះបើយោងតាមសារព័ត៌មាន Nour News ដែលមានទំនាក់ទំនង ជាមួយ SNSC ។
លោក Shamkhani បានកត់សម្គាល់ថា ទោះបីជាកិច្ចព្រមព្រៀង មួយត្រូវបានសម្រេច ឬអត់ក៏ដោយ ផលប្រយោជន៍របស់ប្រទេសអ៊ីរ៉ង់ ត្រូវបានការពារជានិច្ច នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ដោយអត្ថាធិប្បាយលើគោល នយោបាយរបស់រដ្ឋាភិបាល ក្នុងការមិនភ្ជាប់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ទៅនឹងកិច្ចចរចា នុយក្លេអ៊ែរ លោកបានលើកឡើងថា ច្បាប់ដែលបានអនុម័ត ដោយសភាក្នុងខែធ្នូ ឆ្នាំ២០២០ បានផ្តល់ ឱ្យរដ្ឋាភិបាល នូវសមត្ថភាពដ៏ល្អ ក្នុងការប្រឈមមុខនឹងការ ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការពារផលប្រយោជន៍ របស់អ៊ីរ៉ង់។
ជុំចុងក្រោយនៃកិច្ចចរចានុយក្លេអ៊ែរ ត្រូវបានធ្វើឡើង នៅក្នុងរដ្ឋធានីវីយែន របស់ប្រទេសអូទ្រីស កាលពីដើមខែសីហា បន្ទាប់ពីបានផ្អាក អស់រយៈពេលប្រាំខែ ។ កាលពីថ្ងៃទី០៨ ខែសីហា សហភាពអឺរ៉ុបបានដាក់ចេញនូវ “អត្ថបទចុងក្រោយ” នៃសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការរស់ឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយរង់ចាំការសម្រេចចិត្ត ផ្នែកនយោបាយ ពីអ្នកចូលរួមក្នុងកិច្ចចរចា នៅទីក្រុងវីយែន។
នៅព្រឹកថ្ងៃដដែល អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានបង្ហាញការឆ្លើយតប ជាលាយលក្ខណ៍អក្សររបស់ខ្លួន អំពីសេចក្តីព្រាងកិច្ចព្រមព្រៀង ដ៏មានសក្តានុពលរបស់អឺរ៉ុប ដោយកត់សម្គាល់ថា ប្រសិនបើប្រតិកម្ម របស់សហរដ្ឋអាមេរិក មានលក្ខណៈជាក់ស្តែង និងភាពបត់បែន កិច្ចព្រមព្រៀងនុយក្លេអ៊ែរ នឹងសម្រេចបាន ៕
ប្រែសម្រួល ឈូក បូរ៉ា