ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ទទួលស្គាល់ការ អនុវត្ដស្តង់ដារទ្វេរ លើវិបត្ដិអ៊ុយក្រែន និងប៉ាឡេស្ទីន

ព្រុចសែល ៖ ប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell បានទទួលស្គាល់ នាពេលថ្មីៗនេះថា អឺរ៉ុប បានអនុវត្តស្តង់ដារទ្វេរលើវិបត្តិអ៊ុយក្រែន ផ្ទុយពីស្ថានភាពនៅតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Borrell តំណាងជាន់ខ្ពស់របស់ប្លុក ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានប្រាប់ជាភាសាអេស្ប៉ាញថា “ជាញឹកញាប់យើង ត្រូវបានគេរិះគន់យ៉ាងខ្លាំង ចំពោះស្តង់ដារទ្វេ ប៉ុន្តែនយោបាយអន្តរជាតិ គឺភាគច្រើនអំពីការអនុវត្តស្តង់ដារទ្វេ ។ យើងមិនប្រើលក្ខណៈវិនិច្ឆ័យដូចគ្នា សម្រាប់បញ្ហាទាំងអស់នោះទេ” ។

លោក Borrell បានលើកឡើងថា វិបត្តិអ៊ុយក្រែនប៉ះពាល់ដល់អឺរ៉ុបដោយផ្ទាល់។ ទន្ទឹមនឹងនេះ លោកបានហៅហ្គាហ្សា ដោយគ្មានអគ្គិសនី ឬទឹកផឹក ជា “គុកបើកចំហ” ដោយលើកឡើងថា ការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា “មិនមែននៅក្នុងដៃរបស់អឺរ៉ុប នោះទេ”។

ការអត្ថាធិប្បាយលើការកត់ សម្គាល់របស់លោក Borrell លើការអនុវត្តស្តង់ដារទ្វេរក្នុងនយោបាយអន្តរជាតិ លោក Jose Luis Centella ប្រធានបក្សកុម្មុយនិស្តអេស្ប៉ាញ បានប្រាប់ស៊ិនហួ កាលពីថ្ងៃចន្ទថា “នេះបង្ហាញពីការប្រមាថមើលងាយ ជាធម្មតានៃចិត្តគំនិត អាណានិគម”។

លោកបានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិជំរុញ យ៉ាងសកម្មកំណែទម្រង់ ប្រព័ន្ធអភិបាលកិច្ចពិភពលោក ដើម្បីឱ្យមានភាពយុត្តិធម៌ ការគាំទ្រ និងមានប្រសិទ្ធភាពជាងមុនក្នុងការដោះស្រាយបញ្ហា និងបញ្ហាប្រឈម ដែលមនុស្សជាតិជួបប្រទះសព្វថ្ងៃនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top