គៀវ ៖ Energoatom ដែលជាប្រតិបត្តិករនុយក្លេអ៊ែរ របស់អ៊ុយក្រែន បានរាយការណ៍ពីអ្វី ដែលវាហៅថា ការវាយប្រហារ តាមអ៊ីនធឺណិត ដែលមិនធ្លាប់មានពីមុន មកនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអង្គារ ប៉ុន្តែបានឲ្យដឹងបន្ដថា ប្រតិបត្តិការរបស់ខ្លួន មិនត្រូវបានរំខាននោះទេ។
ប្រតិបត្តិករបានឲ្យដឹងនៅលើបណ្ដាញ Telegram ថា “នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ការវាយប្រហារ តាមអ៊ីនធឺណិត ដ៏មានឥទ្ធិពលបំផុត ចាប់តាំងពីការចាប់ផ្តើម នៃការលុកលុយរបស់រុស្ស៊ី បានកើតឡើងប្រឆាំង នឹងគេហទំព័ររបស់ Energoatom”។
ប្រភពបានបញ្ជាក់ថា វាត្រូវបាន “វាយប្រហារពីទឹកដីរុស្ស៊ី” ។ ជាមួយគ្នានេះលោកខាងលិច បារម្ភថា រុស្ស៊ីនឹងបំផ្ទុះរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដើម្បីបង្កមហន្តរាយដ៏ធំ។
ប្រភពពី Energoatom បានឲ្យដឹងថាក្រុម “កងទ័ពអ៊ិនធឺណិតដ៏ពេញនិយម” របស់រុស្ស៊ី បានប្រើ bots អ៊ីនធឺណិតជាង ៧លាន ដើម្បីវាយប្រហារគេហទំព័រ នេះអស់រយៈពេល ៣ម៉ោង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ប៉ុន្តែ ការ វាយ ប្រហារ នេះ “មិន មាន ផល ប៉ះពាល់ ខ្លាំង ដល់ ការងារ របស់ គេហទំព័រ Energoatom” នោឡើយ។ គួរបញ្ជាក់ថា បណ្តាញ Telegram មួយហៅថា “កងទ័ពអ៊ិនធឺណិត ដ៏ពេញនិយម” ជាភាសារុស្សី នៅពាក់កណ្តាលថ្ងៃត្រង់ បានអំពាវនាវឱ្យអ្នកតាមដាន របស់ខ្លួនវាយប្រហារគេហទំព័រ របស់ប្រតិបត្តិករនុយក្លេអ៊ែរ អ៊ុយក្រែន ។
ប៉ុន្តែនៅល្ងាចថ្ងៃអង្គារ ខ្លួនបានប្រកាសពីការផ្លាស់ប្តូរផែនការ ដោយបង្វែរអ្នកគាំទ្រ ទៅកាន់គោលដៅថ្មីមួយ គឺវិទ្យាស្ថានជាតិនៃការចងចាំអ៊ុយក្រែន ដែលជាគេហទំព័រ ដែលមានដំណើរការយឺតយ៉ាវ៕
ប្រែសម្រួល ឈូក បូរ៉ា
