កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស១០នាក់ រួមទាំងបព្វជិតដ៏លេចធ្លោមួយរូប ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកមួយ ដែលបានបំផ្ទុះនៅឯវិហារអ៊ីស្លាមមួយកន្លែងនៅក្នុងទីក្រុងកាប៊ុល ក្នុងអំឡុងពេលអធិស្ឋានពេលល្ងាចកាលពីថ្ងៃពុធ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងដូច្នេះ ។
មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានបានឲ្យដឹងថា ពួកគេបានទទួលមនុស្ស២៧នាក់ ដែលរងរបួសនៅក្នុងការបំផ្ទុះនេះ រួមទាំងកុមារផងដែរ ។
សាក្សីដែលបានឃើញ ផ្ទាល់ភ្នែកបានឲ្យដឹងថា ការផ្ទុះនេះធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ។
គួររំលឹកថា កាលពីសប្តាហ៍មុន ការបំផ្ទុះនៅក្រុងកាប៊ុលបានសម្លាប់មនុស្ស២នាក់ ក្នុងនោះមានអ្នកប្រាជ្ញសាសនាដ៏ល្បីម្នាក់ផងដែរ ។ ជុំវិញការបំផ្ទុះនេះដែរ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា