ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ៖ ការចូលទៅក្នុងដំណាក់កាលថ្មី ក្នុងការចរចា នុយក្លេអ៊ែរ មានឥទ្ធិពល លើការឆ្លើយតប របស់អាមេរិក

តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន អាចឈានចូលដំណាក់កាលថ្មីមួយ ប្រសិនបើផលប្រយោជន៍ សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ត្រូវបានការពារ ហើយបន្ទាត់ក្រហម របស់ខ្លួនត្រូវបានគោរពនៅក្នុង ការឆ្លើយតបដ៏មានសក្តានុពល របស់សហរដ្ឋអាមេរិក ចំពោះទស្សនៈរបស់ខ្លួនលើសំណើ របស់សហភាពអឺរ៉ុប។

លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយសមភាគីអូម៉ានី លោក Sayyid Badr Hamad al-Busaidi ដែលក្នុងនោះពួកគេបានពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់។

លោក Amir-Abdollahian បានលើកឡើងថា បន្ទាប់ពីទទួលបានការឆ្លើយតប របស់សហរដ្ឋអាមេរិក ចំពោះទស្សនៈដែលអ៊ីរ៉ង់ បានបញ្ជូនទៅកាន់សហភាពអឺរ៉ុបមុននេះ ស្តីពីសេចក្តីព្រាងចុងក្រោយ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដ៏មានសក្ដានុពលរបស់ប្លុក អ៊ីរ៉ង់ នឹងមើលថាតើផលប្រយោជន៍របស់ខ្លួនត្រូវបានការពារ និងខ្សែក្រហមត្រូវបានគោរពដែរឬទេ ។

លោកបានបន្ថែមថា អ៊ីរ៉ង់ មានសុច្ឆន្ទៈ និងម៉ឺងម៉ាត់ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង “ល្អ និងយូរអង្វែង ប៉ុន្តែ យើងមិនអាចនិយាយអំពីការ សម្រេចបាននូវកិច្ចព្រមព្រៀងដ៏ល្អ និងយូរអង្វែងនោះទេ លុះត្រាតែកិច្ចព្រមព្រៀងមួយត្រូវ បានសម្រេចលើអ្វីៗគ្រប់យ៉ាង” ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសអូម៉ានី បានសម្តែងក្តីសង្ឃឹមថា លទ្ធផលជាទីគាប់ចិត្តនឹងត្រូវបានសម្រេច នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន តាមរយៈកិច្ចសហប្រតិបត្តិការ របស់ភាគីទាំងអស់។

កាលពីថ្ងៃចន្ទ ប្រទេសអ៊ីរ៉ង់ បានប្រកាសថា ខ្លួនបានបង្ហាញ ការឆ្លើយតបជាលាយលក្ខណ៍អក្សររបស់ខ្លួន ចំពោះសេចក្តីព្រាងកិច្ចព្រមព្រៀង ដ៏មានសក្តានុពល របស់សហភាពអឺរ៉ុប ដោយកត់សម្គាល់ថា ប្រសិនបើប្រតិកម្មរបស់សហរដ្ឋអាមេរិក មានលក្ខណៈជាក់ស្តែង និងភាពបត់បែន កិច្ចព្រមព្រៀងនុយក្លេអ៊ែរ នឹងសម្រេចបាន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top