ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ីថា លោក Xi Jinping និងលោក Putin នឹងចូលរួមដោយ ផ្ទាល់កិច្ចប្រជុំ G20 នៅកោះបាលី

បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននិយាយថា មេដឹកនាំរុស្ស៊ី លោក Vladimir Putin និងសមភាគីចិន លោក Xi Jinping បានបញ្ជាក់ថា ពួកគេនឹងចូលរួមកិច្ចប្រជុំកំពូល G20 ដោយផ្ទាល់នៅកោះបាលី ក្នុងខែវិច្ឆិកានេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Joko Widodo ជាមួយសារព័ត៌មាន Bloomberg នៅថ្ងៃសុក្រថា “លោក Xi Jinping នឹងមក ហើយ លោកប្រធានាធិបតី Vladimir Putin ក៏បានប្រាប់ខ្ញុំដែរថា លោកនឹងមក» ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការសន្ទនា តាមទូរស័ព្ទរវាងមេដឹកនាំរុស្ស៊ី និងឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមវិមានក្រឹមឡាំង លោក Vladimir Putin និង លោក Joko Widodo បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងសន្តិសុខស្បៀង ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទនោះ។

ទីក្រុងមូស្គូបានបញ្ជាក់ពីការ ចូលរួមរបស់លោក Putin នៅក្នុងកិច្ចប្រជុំកំពូលនៅកោះបាលី កាលពីមួយខែមុនដែរ ប៉ុន្តែបាននិយាយថា ខ្លួនមិនទាន់ច្បាស់ថា តើលោកនឹងទៅទីនោះដោយផ្ទាល់ ឬតាមរយៈតំណវីដេអូនោទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top