ព័ត៌មានអន្តរជាតិ

គ្រាប់មីស៊ីល បានផ្លោងមកលើមូលដ្ឋានទ័ព អាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងទឹកដីស៊ីរី

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ថា គ្រាប់មីស៊ីលចំនួន ១គ្រាប់ បានវាយប្រហារជុំវិញ មូលដ្ឋានទ័ព សហរដ្ឋអាមេរិក ដ៏ធំបំផុតនៅក្នុងប្រទេសស៊ីរី ក្នុងខេត្ត Deir al-Zour ភាគខាងកើត កាលពីយប់ថ្ងៃសុក្រ ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានឲ្យដឹងថា គ្រាប់មីស៊ីលបានធ្លាក់នៅជិតតំបន់ប្រេង al-Omar ដែលត្រូវបាន សហរដ្ឋអាមេរិកយក ធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ហើយមិនមានរបាយការណ៍ថា មានអ្នករងរបួសនោះទេ ។

ក្រុមសង្កេតការណ៍បានលើកឡើងថា “វាទំនងជាថា មីស៊ីលបាញ់ចេញពីតំបន់ ដែលកងជីវពលអ៊ីរ៉ង់ មានឥទ្ធិពលនៅភាគខាងលិចនៃ Euphrates” ។

សូមបញ្ជាក់ថា មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីកងកម្លាំងអាមេរិក ឬ រដ្ឋាភិបាលស៊ីរីអំពីការវាយប្រហារ ចុងក្រោយនេះទេ

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកក្កដា កងកម្លាំងអាមេរិក នៅតំបន់ al-Omar បានបាញ់មីស៊ីលជាច្រើនគ្រាប់ ដែលខ្លះបានវាយប្រហារ តំបន់ដែលក្រុមជីវពលគាំទ្រ អ៊ីរ៉ង់កំពុងប្រយុទ្ធ ជាមួយកងកម្លាំងស៊ីរី ។ គ្មានអ្នករងរបួសត្រូវបានគេរាយការណ៍ នៅក្នុងវាយប្រហារនេះ នៅឡើយនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top