ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលរុស្ស៊ី និងបារាំង ជួបពិភាក្សាគ្នាតាមទូរស័ព្ទ ជុំវិញបញ្ហាអ៊ុយក្រែន ជាពិសេសនៅទីតាំងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia

ម៉ូស្គុ ៖ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានជួបសន្ទនាគ្នា តាមទូរស័ព្ទកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការបាញ់ផ្លោងជាប្រព័ន្ធ ដោយយោធាអ៊ុយក្រែន” លើទឹកដីនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) បានបង្កើតគ្រោះថ្នាក់ នៃមហន្តរាយទ្រង់ទ្រាយធំ ដែលអាចនាំឱ្យមានការបំពុលវិទ្យុសកម្មដ៏ធំ។

អ៊ុយក្រែន និងរុស្ស៊ីថ្មីៗនេះ បានផ្លាស់ប្តូរការចោទប្រកាន់ជុំវិញ ការបាញ់ផ្លោងទៅលើរោងចក្រ Zaporizhzhia NPP ដែលជារោងចក្រថាមពលបរមាណូ ដ៏ធំបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប និងផលិតអគ្គិសនីមួយភាគបួន នៃថាមពលសរុបរបស់ប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា នៅក្នុងការហៅទូរស័ព្ទ លោក ពូទីន និង ម៉ាក្រុង បានកត់សម្គាល់ពីសារៈសំខាន់នៃការបញ្ជូនបេសកកម្ម IAEA ទៅកាន់រោងចក្រ Zaporizhzhia NPP ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែងនៅនឹងកន្លែង។

ភាគីរុស្ស៊ីបានបញ្ជាក់ពីការត្រៀមខ្លួន របស់ខ្លួនក្នុងការផ្តល់ឱ្យអធិការ IAEA នូវជំនួយចាំបាច់ ។ លោកពូទីន ក៏បានពន្យល់ប្រាប់លោក ម៉ាក្រុង អំពីការអនុវត្តកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ ដែលបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីខែមុន ដោយគូសបញ្ជាក់ថា នៅតែមានឧបសគ្គ ចំពោះការនាំចេញអាហារ និងជីរបស់រុស្ស៊ី ទៅកាន់ទីផ្សារពិភពលោក ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top