ព័ត៌មានអន្តរជាតិ

ក្រោយស្ដារទំនាក់ ទំនងពេញលេញ មេដឹកនាំតួកគី និងអ៊ីស្រាអែល ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្ដិការ និងគោរពការព្រួយបារម្ភ រវាងគ្នាទៅវិញទៅមក

យេរ៉ូសាឡឹម ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី អ៊ីស្រាអែល លោក Isaac Herzog កាលពីថ្ងៃសុក្រ ជុំវិញទំនាក់ទំនងទ្វេភាគី នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យប្រធានាធិបតីតួកគី ។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ ទៅលើការពេញចិត្តទៅវិញទៅមក ពីការពង្រឹងទំនាក់ទំនងការទូត ដោយការតែងតាំងឯកអគ្គរដ្ឋទូតឡើងវិញ ចុងក្រោយបង្អស់បន្ទាប់ ពីមានភាពតានតឹង ការទូតរយៈពេល ៤ឆ្នាំរវាងប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សន្ទុះថ្មីនៃទំនាក់ទំនងការទូត នឹងសម្រេចបានបន្ទាប់ពីការបញ្ចូល ឯកអគ្គរដ្ឋទូតឡើងវិញ ដោយបន្ថែមថា តួកគី ត្រៀមខ្លួនជាស្រេច ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាជាមួយអ៊ីស្រាអែល ខណៈដែលគោរពនូវការព្រួយ បារម្ភទៅវិញទៅមក នៃប្រទេសទាំងពីរ។

បើតាមសេចក្តីថ្លែងការណ៍ បន្តថា បញ្ហាតំបន់ ដែលគ្របដណ្តប់លើការការពារ គ្នាទៅវិញទៅមក និងការប្រយុទ្ធ ប្រឆាំងនឹងអំពើ ភេរវកម្ម ក៏ ត្រូវ បាន ពិភាក្សា ក្នុងការហៅទូរស័ព្ទផងដែរ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ទំនាក់ទំនងរវាងអ៊ីស្រាអែល និងតួកី កាន់តែតានតឹងនៅក្នុងឆ្នាំ២០១០ នៅពេលដែលកងនាវាចរ ដឹកនាំដោយតួកគី ព្យាយាមបំបែកការបិទផ្លូវ របស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សាស្ទ្រីប បានប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល ដែលបណ្តាលឱ្យជនជាតិតួកគីចំនួន ១០នាក់ត្រូវបានសម្លាប់។

នៅឆ្នាំ២០១៨ តួកគី និងអ៊ីស្រាអែល បានបណ្តេញអ្នកការទូតកំពូល របស់គ្នាទៅវិញទៅមក ចំពេលមានជម្លោះអំពីការសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦០នាក់ក្នុងអំឡុងពេលនៃការតវ៉ា របស់ពួកគេប្រឆាំងនឹងការបើកស្ថានទូត អាមេរិកនៅទីក្រុងយេរ៉ូសាឡឹម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top