ព័ត៌មានអន្តរជាតិ

មេដឹកនាំសភារុស្ស៊ី៖ អាមេរិក បំផ្លាញអឺរ៉ុប ឲ្យស្រេកឃ្លាន ត្រជាក់និងឯកោ

ម៉ូស្កូ៖ លោក Vyacheslav Volodin ប្រធានសភាជាន់ទាបរបស់រុស្ស៊ី រដ្ឋឌូម៉ា បានឲ្យដឹងកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន បានធ្វើឱ្យអឺរ៉ុប មានភាពអត់ឃ្លាន ភាពត្រជាក់ និងឯកោ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Volodin បានសរសេរនៅលើបណ្ដាញ Telegram ថា សហរដ្ឋអាមេរិក លក់ឧស្ម័នទៅឱ្យអឺរ៉ុប ដែលត្រូវបានវាយប្រហារដោយអតិផរណាក្នុងអត្រាតម្លៃខ្ពស់ជាងទីផ្សារក្នុងស្រុក ដែលធ្វើឱ្យការប្រកួតប្រជែងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ចុះខ្សោយ។

លោកបានកត់សម្គាល់ថា កំដៅមិនធម្មតានៅក្នុងទ្វីបអឺរ៉ុប បានវាយប្រហារវិស័យកសិកម្មយ៉ាងខ្លាំង ហើយការប្រមូលផលមានការថយចុះគួរឱ្យកត់សម្គាល់កាលពីឆ្នាំមុន ខណៈដែលការខ្វះខាតអគ្គិសនីបានបណ្តាលឱ្យមានការឡើងថ្លៃអគ្គិសនី។

លោក Volodin បានកត់សម្គាល់ថា វាស្ថិតនៅក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ដែលរដ្ឋអឺរ៉ុបមួយចំនួនបានបដិសេធថាមពលរុស្ស៊ី ផ្តាច់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរុស្ស៊ី និងហាមឃាត់ការចូលរបស់ពលរដ្ឋរុស្ស៊ី។

លោកបានបន្ថែមថា “ទីក្រុងវ៉ាស៊ីនតោន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើអ្វីគ្រប់យ៉ាង ប្រយោជន៍រក្សាអំណាចរបស់ខ្លួនលើពិភពលោកដោយលះបង់សុខុមាលភាពរបស់ពលរដ្ឋ និងសេដ្ឋកិច្ចនៃបណ្តាប្រទេសអឺរ៉ុប”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top