ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍មួយ នៅអឺរ៉ុប ប្រកាសចាប់ផ្តើមជើងហោះហើរ ចូលរុស្ស៊ីឡើងវិញ

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ Wizz Air របស់ប្រទេស ហុងគ្រី ដែលបានផ្អាកផែនការរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ីនោះ គឺនឹងបន្តជើងហោះហើរពីទីក្រុង Abu Dhabi ទៅកាន់ទីក្រុង Moscow ចាប់ពីខែតុលាតទៅ បន្ទាប់ពីមានការរិះគន់លើការសម្រេចចិត្តដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរពី Abu Dhabi-Moscow ឡើងវិញ បន្ទាប់ពីរយៈពេលជាង៥ ខែក្នុងអំឡុងពេលដែលសេវាកម្មទាំងអស់ទៅកាន់ប្រទេសរុស្ស៊ីត្រូវបានផ្អាក បន្ទាប់ពីប្រតិបត្តិការយោធា របស់ទីក្រុងម៉ូស្គូ នៅអ៊ុយក្រែន។

យោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយ Wizz Air បានពន្យារពេលជើងហោះហើរ រហូតដល់មានការជូនដំណឹងបន្ថែម ដោយលើកឡើងពី “ដែនកំណត់នៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម” ដែលជាហេតុផលសំខាន់ សម្រាប់ការសម្រេចចិត្ត។ ក្រុមហ៊ុនមិនបានលើកឡើងពីប្រតិកម្មតបតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានកើតឡើងក្នុងការឆ្លើយតបទៅនឹង ការប្រកាសមុននេះទេ ដែលថែមទាំងរួមបញ្ចូលការអំពាវនាវ ឱ្យធ្វើពហិការក្រុមហ៊ុនអាកាសចរណ៍ផងដែរ។

នៅលើ Twitter របស់ក្រុមហ៊ុន Wizz Air បានឆ្លើយតបទៅនឹងការរិះគន់នេះ ដោយនិយាយថា ជើងហោះហើរនេះនឹងត្រូវដំណើរការដោយក្រុមហ៊ុនបណ្តាក់ទុន Abu Dhabi ដែលជាក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅអារ៉ាប់រួម ដែលប្រតិបត្តិការស្របតាមបទប្បញ្ញត្តិរបស់រដ្ឋឈូងសមុទ្រ៕ សម្រួលៈ ណៃ តុលា

To Top