ព័ត៌មានអន្តរជាតិ

Update៖ ករណីឆេះក្លឹបរាត្រី១កន្លែង នៅក្នុងប្រទេសថៃឡង់ដ៏ បណ្តាលឲ្យស្លាប់មនុស្ស ដល់ទៅ២០នាក់

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីសុខាភិបាលបានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះក្លឹបរាត្រី នៅក្នុងប្រទេសថៃឡង់ដ៏ បានកើនឡើងដល់២០នាក់ហើយ ខណៈដែលជនរងគ្រោះបន្តទទួលការព្យាបាល ។

អគ្គិភ័យបានកើតឡើងកាលពីថ្ងៃទី៥ សីហា នៅក្លឹប Mountain B ក្នុងខេត្តឈុនបុរី ចម្ងាយប្រហែល ១៥០គីឡូម៉ែត្រភាគអាគ្នេយ៍ នៃទីក្រុងបាងកក ។ អាជ្ញាធរបានរកឃើញ សាកសពឆេះទាំង១៣នាក់ នៅក្នុងកន្លែងកើតហេតុ  ។

ការិយាល័យសុខភាពសាធារណៈ ខេត្តឈុនបុរី បានឲ្យដឹងថា មនុស្ស៧នាក់ផ្សេងទៀតបានស្លាប់ ដោយសាររបួសរបស់ពួកគេ ដោយអ្នកស្លាប់ចុងក្រោយបង្អស់ គឺជាបុរសអាយុ៥០ឆ្នាំម្នាក់ ។

សូមបញ្ជាក់ថា ជនរងគ្រោះទាំងអស់គឺជាជនជាតិថៃ ។

អាជ្ញាធរសុខាភិបាល នៅក្នុងតំបន់បានឲ្យដឹងថា មានអ្នករងរបួសចំនួន២៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយប្រើអុកស៊ីសែនចំនួន៩គ្រឿង ។

មន្ត្រីប៉ូលិសជាន់ខ្ពស់ខេត្តឈុនបុរី បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ម្ចាស់ក្លឹបដែលជាឪពុក និងកូនប្រុសត្រូវបានចោទប្រកាន់ពីបទបង្កឱ្យស្លាប់តាមរយៈការធ្វេសប្រហែស និងបើកហាងស្រាដោយគ្មានអាជ្ញាប័ណ្ណទៀតផង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top