ព័ត៌មានអន្តរជាតិ

រដ្ឋប្រហារឆ្នាំ១៩៥៣ របស់ CIA ប្រឆាំងនឹងនាយករដ្ឋមន្រ្តីអ៊ីរ៉ង់លោក Mosaddeq នៅតែជាប្រភពនៃការ មិនទុកចិត្តរបស់អ៊ីរ៉ង់ ចំពោះអាមេរិក

តេអេរ៉ង់៖ ជិត ៧ទស្សវត្សបានកន្លងផុតទៅ ចាប់តាំងពីរដ្ឋប្រហារដែលរៀបចំ ដោយសហរដ្ឋអាមេរិក បានផ្តួលរំលំនាយករដ្ឋមន្ត្រីអ៊ីរ៉ង់លោក Mohammad Mosaddeq ទង្វើដ៏ល្បីឈ្មោះនៅតែជំរុញឱ្យ មានការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ របស់ប្រជាជនអ៊ីរ៉ង់ ចំពោះអាមេរិកនាពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសខួបនៃរដ្ឋប្រហារ ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ លោក Ali Bahadori Jahromi អ្នកនាំពាក្យរបស់រដ្ឋាភិបាលអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការជឿទុកចិត្តលើសហរដ្ឋអាមេរិក ក្នុងទំនាក់ទំនងអន្តរជាតិគឺ “គ្មានន័យ” ដោយលើកឡើងថា វាជាផ្នែកមួយក្នុងចំណោម ៣មេរៀនសម្រាប់អ៊ីរ៉ង់ពីរដ្ឋប្រហារឆ្នាំ១៩៥៣ ។

នៅខែសីហាឆ្នាំ១៩៥៣ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ កណ្តាលអាមេរិក (CIA) នៅក្នុងការឃុបឃិតជាមួយ ទីភ្នាក់ងារចារកម្មអង់គ្លេស បានផ្តួលរំលំរដ្ឋាភិបាល ដ៏ពេញនិយមរបស់លោក Mosaddegh នៅក្នុងប្រទេសអ៊ីរ៉ង់។

វាត្រូវបានគេជឿយ៉ាងទូលំទូលាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ មានការខឹងសម្បារ ចំពោះយុទ្ធនាការរបស់លោក Mosaddegh ដើម្បីធ្វើជាតូបនីយកម្មឧស្សាហកម្ម ប្រេងរបស់ប្រទេសអ៊ីរ៉ង់ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុនបរទេស។

អ្នកវិភាគបានឲ្យដឹងថា ការធ្វើជាតូបនីយកម្មនេះបានធ្វើឱ្យ ប្រទេសលោកខាងលិចទទួលបាន ប្រាក់ចំណេញយ៉ាងច្រើន ហើយអាចកំណត់និន្នាការ នៅក្នុងប្រទេសក្នុងតំបន់ផ្សេងទៀត។

លោក Bahadori Jahromi បាន សរសេរ លើបណ្ដាញ Twitter ឲ្យដឹងថា មេរៀន នៃ រដ្ឋប្រហារ នៅតែ ស្ថិត ក្នុង ចិត្ត របស់ ប្រជាជន អ៊ីរ៉ង់ ជារៀងរហូត និង ជា លក្ខណៈវិនិច្ឆ័យ សម្រាប់ ការសម្រេចចិត្ត របស់អ្នកនយោបាយ អ៊ីរ៉ង់។

លោកបានបន្ដថា “សហរដ្ឋអាមេរិក ខ្លាចអ៊ីរ៉ង់ឯករាជ្យ និងមានអំណាច ការជឿទុកចិត្តលើសហរដ្ឋអាមេរិក ក្នុងទំនាក់ទំនងអន្តរជាតិ គឺគ្មានន័យនោះទេ វិធីដោះស្រាយជាមួយប្រទេសនេះគួរតែមានភាពរឹងមាំ សេចក្តីថ្លៃថ្នូរ និងការធានាគ្រប់គ្រាន់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top