ព័ត៌មានអន្តរជាតិ

អាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមល្បែងសង្គ្រាមដ៏ធំជាមួយគ្នារហូត ដល់ដើមខែកញ្ញា

បរទេស៖ ទីក្រុង វ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានបើកសមយុទ្ធយោធា រួមគ្នាដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំនៅថ្ងៃចន្ទ ទី២២ ខែសីហា។ សមយុទ្ធ Ulchi Freedom Shield គ្រោងនឹងបន្តរហូតដល់ថ្ងៃទី១ ខែកញ្ញា ហើយនឹងរួមបញ្ចូលទាំងយន្តហោះ នាវាចម្បាំង និងកាំភ្លើងធំជាច្រើន ដោយមានកងទ័ពរាប់ពាន់នាក់នៅក្នុងសេណារីយ៉ូ “ការពារ” និង “ការវាយបក” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណាក់កាលដំបូងនៃសមយុទ្ធនឹងផ្តោតទៅលើការវាយបកទៅលើការវាយប្រហាររបស់កូរ៉េខាងជើងដែលសន្មត់ថា ជាការឆ្លើយតបនឹងការការពារស៊ីវិលចំពោះការគម្រាមកំហែងផ្សេងៗដូចជា “ការបាញ់ប្រហារនៅរោងចក្រ semiconductor” “ភេវរកម្មព្រលានយន្តហោះ” ឬ “ការរកឃើញឧបករណ៍បំផ្ទុះ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ” នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។

នៅដំណាក់កាលទីពីរ កងកម្លាំងសម្ព័ន្ធមិត្តនឹងពង្រឹងសមត្ថភាព “ប្រឆាំង” របស់ពួកគេ ដោយធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្នុងអំឡុងពេលកម្មវិធីហ្វឹកហ្វឺនចម្រុះផ្សេងៗគ្នាជាច្រើន។

ខណៈពេលដែលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ទទូចថាកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេគឺជាការការពារសុទ្ធសាធនោះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានហៅសមយុទ្ធនេះម្តងហើយម្តងទៀតថា ជា”ការហាត់សម” សម្រាប់ការលុកលុយដ៏មានសក្តានុពលមួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមយុទ្ធប្រចាំឆ្នាំទាំងនេះត្រូវបានកាត់បន្ថយ ដោយដំបូងដោយសារតែការខិតខំប្រឹងប្រែងការទូត និងក្រោយមកដោយសារតែ Covid-19 មុនពេលប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ចូលកាន់តំណែងក្នុងខែឧសភា ហើយបានប្តេជ្ញាថានឹងធ្វើឱ្យឡើងវិញ និង “ធ្វើឱ្យធម្មតា” នូវ “ការរារាំង” នេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top