ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចាប់ខ្លួនអ្នកបំផ្ទុះគ្រាប់បែក អត្តឃាតរបស់ក្រុម ISIS ដែលគ្រោងសម្លាប់ អ្នកនយោបាយឥណ្ឌា

បរទេស៖ សេវាសន្តិសុខសហព័ន្ធ (FSB) បានរាយការណ៍នៅថ្ងៃចន្ទថា មនុស្សម្នាក់ដែលត្រូវបានចោទប្រកាន់ថា បានគ្រោងបំផ្ទុះខ្លួនឯងដើម្បីសម្លាប់អ្នកនយោបាយជាន់ខ្ពស់ឥណ្ឌាម្នាក់ គឺត្រូវបានស្ទាក់ចាប់ក្នុងអំឡុងពេលឆ្លងកាត់ប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បាននិយាយថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ត្រូវបានជ្រើសរើសនៅក្នុងប្រទេសតួកគី ដោយក្រុមភេរវកររដ្ឋអ៊ីស្លាម (IS អតីត ISIS)។ សេវាសន្តិសុខសហព័ន្ធ FSB បាននិយាយថា បុរសនោះបានធ្វើមូលវិវដ្ដនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានជួបតំណាងក្រុម IS នៅអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដើម្បីកត់ត្រាការសន្យានៃភក្តីភាព មុនពេលទៅបំពេញបេសកកម្មនៅប្រទេសឥណ្ឌា។ ទីភ្នាក់ងារនេះបាននិយាយថា ប្រទេសរុស្ស៊ីបានបម្រើជាប្រទេសឆ្លងកាត់សម្រាប់ការធ្វើដំណើរនេះ។

ផ្នែកអនុវត្តច្បាប់របស់រុស្ស៊ីបានពណ៌នាអំពីគោលដៅនៃការវាយប្រហារភេរវកម្មថា ជា “សមាជិកនៃរង្វង់កាន់អំណាចរបស់ប្រទេសឥណ្ឌា”។

FSB បាននិយាយថា បុរសនោះជាពលរដ្ឋនៃប្រជាជាតិអាស៊ីកណ្តាលដែលមិនបញ្ចេញឈ្មោះ ដែល “ស្នាក់នៅក្នុងសាធារណរដ្ឋតួកគី ចន្លោះខែមេសា និងខែមិថុនា ឆ្នាំ ២០២២”៕ប្រែសម្រួលៈ ណៃ តុលា

To Top