ព័ត៌មានអន្តរជាតិ

អឺរ៉ុប កំពុងប្រឈម នឹងវិបត្ដិថាមពល ក្នុងរដូវក្ដៅខាងមុខ ដោយសារតម្លៃប្រេង និងឧស្ម័នកើនឡើងខ្ពស់ មិនធ្លាប់មានពីមុនមក

ប៉ារីស ៖ សីតុណ្ហភាពខ្ពស់ និងគ្រោះរាំងស្ងួត បានធ្វើឱ្យវិបត្តិថាមពល កាន់តែស៊ីជម្រៅនៅអឺរ៉ុប ក្នុងរដូវក្តៅនេះ ដែលប៉ះពាល់ដល់ការផលិតអគ្គិសនី នៅពេលដែលសេដ្ឋកិច្ចអឺរ៉ុប កំពុងប្រឈមមុខនឹងតម្លៃប្រេង និងឧស្ម័នខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ។

នៅប្រទេសបារាំង ដែលជាប្រទេសផលិតថា មពលនុយក្លេអ៊ែរដ៏ធំបំផុត របស់អឺរ៉ុប រោងចក្រជាច្រើន នៅតាមបណ្តោយទន្លេ Rhone និង Garonne ត្រូវបានបង្ខំឱ្យកាត់បន្ថយទិន្នផល ដោយសារសីតុណ្ហភាព ទន្លេខ្ពស់ពេក នេះបានកាត់បន្ថយការផ្គត់ផ្គង់ ថាមពលបន្ថែមទៀត បន្ទាប់ពីការបិទ រោងចក្រនុយក្លេអ៊ែរចំនួន ៥៦ របស់ប្រទេស សម្រាប់ការថែទាំតាមផែនការ ។

ការផលិតថាមពល នុយក្លេអ៊ែរ នៅប្រទេសបារាំងគឺ ២០,១ TWh នៅក្នុងខែមិថុនា ពោល គឺទាបជាង ២៧,៧ TWh ដែលបានកត់ត្រាក្នុងខែដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយ ដោយប្រតិបត្តិករ ប្រព័ន្ធបញ្ជូនអគ្គិសនីបារាំង RTE ។

ថាមពល វារីអគ្គិសនី ក៏បានទទួល ការវាយប្រហារ យ៉ាងស្វិតស្វាញ ផងដែរ ។ ជាមធ្យម ប្រទេសបារាំង ក្នុងខែកក្កដាបានជួបប្រទះ ឱនភាពទឹកភ្លៀងប្រហែល ៨៤ភាគរយ ។ ដោយសារស្តុកទន្លេ និងបឹងបានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាង ២០ឆ្នាំ វារីអគ្គិសនីត្រឹមតែ ៤ TWh ត្រូវបានផលិតក្នុងខែមិថុនា ដែលជាកម្រិតទាបបំផុត មិនធ្លាប់មានក្នុងរយៈពេលដូចគ្នានេះ ។

ទន្ទឹមនឹងនេះ អគ្គិសនីបារាំង (EDF) បានរាយការណ៍ កាលពីខែសីហាថា នៅតំបន់ Rhone Valley តំបន់ Alps និងតំបន់ Cote d’Azur ដែលមានច្រើន ជាង ៧០ភាគរយ នៃសមត្ថភាពវារីអគ្គិសនី របស់ប្រទេសនោះ ការផលិតវារីអគ្គិសនីបានធ្លាក់ចុះ ៦០ភាគរយចាប់តាំងពីខែមករា មកម្ល៉េះ។

ស្ថានភាព នៅ អ៊ីតាលី ក៏មិនល្អជាងមុន នោះទេ។ ភាគខាងជើង នៃប្រទេសអ៊ីតាលី ដែលជាម្ចាស់ផ្ទះរបស់ Po ដែលជាទន្លេដែលវែងជាងគេបំផុត របស់ប្រទេស ក៏ដូចជារោងចក្រវារីអគ្គីសនីសំខាន់ៗផងដែរនោះ បច្ចុប្បន្នកំពុងប្រឈមនឹងគ្រោះរាំងស្ងួត ដ៏អាក្រក់បំផុតក្នុងរយៈពេល ៧០ឆ្នាំ។ កម្រិត Po បានធ្លាក់ចុះជិត ៥០ភាគរយបើប្រៀបធៀប ទៅនឹងមធ្យមភាគនៃឆ្នាំមុន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top