ស៊ីចាង ៖ ទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនេះប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបថ្មីមួយ ទៅកាន់ទីលំហអាកាស ដោយទទួលបានជោគជ័យ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីចាង ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន ។
ផ្កាយរណប Chuangxin-16 ដែលត្រូវបានបង្កើតឡើង ដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ត្រូវបានបាញ់បង្ហោះនៅម៉ោង ១០និង៣៦នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើគ្រាប់រ៉ុក្កែតបញ្ជូន Kuaizhou-1A ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុក ដោយជោគជ័យ ។
ផ្កាយរណបនេះនឹងត្រូវប្រើប្រាស់ ជាចម្បងសម្រាប់ការពិសោធន៍ វិទ្យាសាស្ត្រ និងការផ្ទៀងផ្ទាត់បច្ចេកវិទ្យាថ្មីៗ ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី១៦ ដោយប្រើគ្រាប់រ៉ុក្កែត Kuaizhou-1A ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា