ព័ត៌មានអន្តរជាតិ

អាមេរិក ជំរុញឱ្យពលរដ្ឋខ្លួន ចាកចេញពីអ៊ុយក្រែន ដោយមធ្យោបាយឯកជន តាមផ្លូវគោក

បរទេស៖ បេសកកម្មការទូតអាមេរិក នៅរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន បានណែនាំជនជាតិអាមេរិកឱ្យចាកចេញពីប្រទេសនេះដោយព្រមានថា ស្ថានភាពសន្តិសុខអាចធ្លាក់ចុះយ៉ាងឆាប់រហ័ស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានទូតអាមេរិកបាននិយាយនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃអង្គារថា “ស្ថានទូតអាមេរិកជំរុញឱ្យពលរដ្ឋអាមេរិកចាកចេញពីអ៊ុយក្រែន នៅពេលនេះដោយប្រើជម្រើសដឹកជញ្ជូនតាមផ្លូវគោកដែលមានឯកជន ប្រសិនបើវាមានសុវត្ថិភាពក្នុងការធ្វើដូច្នេះ” ។

ស្ថានទូតបាននិយាយថា “ក្រសួងការបរទេសមានព័ត៌មានថា រុស្ស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកន្លែងនានារបស់រដ្ឋាភិបាលរបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ។ ស្ថានទូតអាមេរិកក៏បានបញ្ជាក់ដោយណែនាំជនជាតិអាមេរិកឱ្យមានការប្រុងប្រយ័ត្ន ស្តាប់ស៊ីរ៉ែន និងស្វែងរកកន្លែងលាក់ខ្លួននៅក្នុង ករណីនៃការវាយប្រហារដោយមីស៊ីល ឬយន្តហោះគ្មានមនុស្សបើក។

ស្ថានការណ៍សន្តិសុខនៅទូទាំងប្រទេសអ៊ុយក្រែនមានភាពប្រែប្រួលខ្លាំង ហើយលក្ខខណ្ឌអាចនឹងកាន់តែយ៉ាប់យ៉ឺនដោយគ្មានការព្រមាន។

យ៉ាងណាក៏ដោយ សម្រាប់ក្រសួងការពារជាតិរុស្ស៊ីវិញ បានអះអាងថា យន្តហោះរុស្ស៊ីវាយប្រហារតែគោលដៅយោធាក្នុងទីក្រុងគៀវប៉ុណ្ណោះ និងកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ដូចជាស្ថានីយ៍រ៉ាដា ឃ្លាំងអាវុធ និងកន្លែងជួសជុលរថពាសដែក៕ប្រែសម្រួលៈ ណៃ តុលា

To Top