តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួននឹងរក្សាការដាក់ទណ្ឌកម្មលើ ប្រទេសរុស្ស៊ី ខណៈដែលកំពុងធ្វើការរួមគ្នា ជាមួយនឹងក្រុមប្រទេសចំនួន៧ ផ្សេងទៀត ខណៈដែលសង្រ្គាមនៅ អ៊ុយក្រែន នឹងឈានចូលដល់ខែទី៧ របស់ខ្លួនដោយគ្មានទីបញ្ចប់ ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួងស្ទើរតែទាំងអស់ ខណៈដែលលោកបានឆ្លងកូវីដ-១៩ បានណែនាំពួកគេឱ្យបង្កើតវិធានការ ដើម្បីដោះស្រាយការកើនឡើង តម្លៃថាមពល ដែលបណ្តាលមកពីសង្រ្គាម ដែលកំពុងបន្ត។
ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយថា កិច្ចប្រជុំនេះគឺជាឱកាសមួយសម្រាប់លោក Kishida ដើម្បីចែករំលែកការយល់ដឹង អំពីស្ថានភាពបច្ចុប្បន្នជុំវិញសង្រ្គាម ជាមួយសមាជិកគណៈរដ្ឋមន្ត្រីថ្មី ដែលបានចូលរួមក្នុងការរុះរើនាពេលថ្មីៗនេះ។
លោក Matsuno បានលើកឡើងថា “រដ្ឋាភិបាលនឹងរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រមូលព័ត៌មាន ហើយនឹងឆ្លើយតប” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ខណៈដែលការរិះគន់ការឈ្លានពាន របស់រុស្ស៊ីថា ជាការរង្គោះរង្គើសណ្តាប់ធ្នាប់អន្តរជាតិដល់មូលដ្ឋាន របស់ខ្លួនលោក Matsuno បានបន្ថែមថា “យើងមានការព្រួយបារម្ភយ៉ាង ខ្លាំងអំពីលទ្ធភាពនៃអាវុធនុយក្លេអ៊ែរ ដែលត្រូវបានប្រើប្រាស់ក្នុងការឈ្លានពានអ៊ុយក្រែន”៕
ប្រែសម្រួល ឈូក បូរ៉ា