ប៉េកាំង៖ បេសកជនចិនមួយរូប បានស្នើឱ្យសហរដ្ឋអាមេរិក និងអង្គការណាតូ បញ្ឈប់ការបន្ថែមប្រេង ទៅក្នុងភ្លើងសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងឆេះស្រាប់ទៅហើយនោះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិបាន ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីជម្លោះអ៊ុយក្រែនថា សន្តិភាពមិនអាចសម្រេចបានដោយការដាក់ទណ្ឌកម្ម និងការគាបសង្កត់ ឬបញ្ជូនអាវុធឡើយ។ សន្តិភាពត្រូវតែខិតខំ និងថែរក្សាដោយគ្រប់ភាគីដែលធ្វើការជាមួយគ្នា។ មិនថាស្ថានភាពស្មុគ្រស្មាញប៉ុណ្ណា ភាពខុសប្លែកគ្នាធ្ងន់ធ្ងរប៉ុណ្ណានោះទេ ទ្វារទៅរកការទូត និងកិច្ចសន្ទនាមិនអាចបិទបាននោះទេ ។
លោកបន្ដ វឌ្ឍនភាពវិជ្ជមានលើកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិបង្ហាញ ពីសក្តានុពលនៃការទូត និងលទ្ធភាពនៃដំណោះស្រាយនយោបាយ។ លោកថា ប្រទេសចិន សង្ឃឹមថារុស្ស៊ី និងអ៊ុយក្រែន នឹងបន្តកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងរវាងពួកគេ ដើម្បីត្រលប់ទៅការចរចាការទូតវិញនៅដើមដំបូង ហើយបង្កើតសន្ទុះ ដែលត្រូវការសម្រាប់បទឈប់បាញ់។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក និងអង្គការណាតូ គួរតែឆ្លុះបញ្ចាំងយ៉ាងយកចិត្តទុកដាក់ លើតួនាទីដែលពួកគេកំពុងលេង ហើយផ្តោតការខិតខំប្រឹងប្រែង របស់ពួកគេទៅលើអ្វីដែលពិតជាអំណោយផលដល់សន្តិភាព ជាជាងការបន្ថែមប្រេងទៅក្នុងភ្លើង។
លោកបន្ដថា ច្បាប់មនុស្សធម៌អន្តរជាតិគួរតែ ណែនាំការប្រព្រឹត្តរបស់ភាគីជម្លោះ។ ជនស៊ីវិល និងបរិក្ខារស៊ីវិលមិនអាចជាគោលដៅនៃការវាយប្រហារ ដោយយោធានោះទេ។ ថ្មីៗនេះ ការវាយប្រហារជាញឹកញាប់ លើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia បាននាំឱ្យមានការចាប់អារម្មណ៍ និងការព្រួយបារម្ភយ៉ាងទូលំទូលាយ ដោយធ្វើឱ្យមានស្រមោលហានិភ័យនុយក្លេអ៊ែរ ជុំវិញពិភពលោក។
ប្រេសិតរូបនេះបានបន្ថែមថា ប្រទេសចិន ជាថ្មីម្តងទៀតអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ជៀសវាងសកម្មភាពណាមួយ ដែលអាចប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខនៃរោងចក្រនុយក្លេអ៊ែរ និងជៀសវាងការឆ្លងកាត់ បន្ទាត់ក្រហមសុវត្ថិភាពនុយក្លេអ៊ែរ៕
ប្រែសម្រួល ឈូក បូរ៉ា