ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ចប់កិច្ចចរចា ស្ដីពីការទិញ និងដោះដូរឧស្ម័នជាមួយរុស្ស៊ី

តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសនេះ បានបញ្ចប់ការពិភាក្សាជាមួយ រុស្ស៊ីលើការទិញ និងដោះដូរឧស្ម័ន នេះបើយោងតាមសេវាព័ត៌មាន របស់ក្រសួងប្រេង Shana ។

លោក Javad Owji បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំមួយ ជាមួយលោក Igor Levitin ដែលជាជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Owji បានបន្ថែមថា បច្ចុប្បន្នអ៊ីរ៉ង់ មានកិច្ចសន្យាជាមួយរុស្ស៊ី សម្រាប់ការអភិវឌ្ឍន៍តំបន់ប្រេង និងឧស្ម័នចំនួន៧។ លោកថា អ៊ីរ៉ង់ និងរុស្ស៊ីកំពុងចរចាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់ការអភិវឌ្ឍតំបន់ប្រេង និងឧស្ម័នអ៊ីរ៉ង់ចំនួន ១៤ទីតាំងផ្សេងទៀត។

គណៈកម្មាធិការសេដ្ឋកិច្ចរួម របស់ប្រទេសទាំងពីរនឹងបើកកិច្ចប្រជុំនៅទីក្រុងមូស្គូ ដើម្បីបន្តការពិភាក្សារបស់ពួកគេលើការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល ការដឹកជញ្ជូន ពាណិជ្ជកម្ម និងកីឡាក្នុងរយៈពេលពីរខែ នេះបើយោងតាមរដ្ឋមន្ត្រីអ៊ីរ៉ង់។

កួរបញ្ជាក់ថា កាលពីខែកក្កដា ទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូបានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាមួយ យោងទៅតាមប្រទេសរុស្ស៊ី បានយល់ព្រមក្នុងការវិនិយោគចំនួន ៤០ពាន់លានដុល្លារអាមេរិក នៅក្នុងឧស្សាហកម្មប្រេងរបស់ប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top