ព័ត៌មានអន្តរជាតិ

ចិន ប្រកាសចាត់វិធានការចាំបាច់ ដើម្បីការពារក្រុមហ៊ុន និងស្ថាប័នរបស់ខ្លួន

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃព្រហស្បតិ៍ បានសន្យាថានឹងចាត់វិធានការ ចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាស និងស្ថាប័នរបស់ចិន បន្ទាប់ពីសហរដ្ឋអាមេរិក បានបន្ថែមអង្គភាពចិនចំនួន៧ ទៅក្នុងបញ្ជីត្រួតពិនិត្យ ការនាំចេញរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងលោកស្រី Shu Jueting បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើរបស់សហរដ្ឋអាមេរិក ហើយបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់ ចំពោះការអនុវត្តខុសរបស់ខ្លួន។

លោកស្រី Shu បានលើកឡើងថា សហរដ្ឋអាមេរិក បានប្រព្រឹទ្ធម្តងហើយម្តងទៀត នូវគោលគំនិតនៃសន្តិសុខជាតិ ការរំលោភលើវិធានការ ត្រួតពិនិត្យការនាំចេញ និងប្រើប្រាស់អំណាចរដ្ឋដើម្បីគាបសង្កត់ និងទប់ស្កាត់ក្រុមហ៊ុន និងស្ថាប័នមកពីប្រទេសផ្សេងៗ។

លោកស្រីបន្ថែមថា ទង្វើនេះបានធ្វើឱ្យខូចខាត យ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងសហគ្រាសចិន និងសហរដ្ឋអាមេរិក ធ្វើឱ្យខូចដល់ច្បាប់ទីផ្សារ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងបានគំរាមកំហែង ដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ដែលមិនមានផលល្អសម្រាប់ប្រទេស ឬពិភពលោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top