ព័ត៌មានអន្តរជាតិ

ចិន ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយកូរ៉េខាងត្បូង ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងសុខភាពល្អ

ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានថ្លែងសុន្ទរកថានៅក្នុងវេទិកាសហប្រតិបត្តិការធុរកិច្ច ដែលប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

ដោយកោតសរសើរចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលប្រទេសទាំងពីរទទួលបានក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ លោក Li បានលើកឡើងថា សមិទ្ធិផលទាំងនោះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ផងដែរ។

លោក Li បានគូសបញ្ជាក់អំពីការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងស៊ីជម្រៅនៅក្នុងទិដ្ឋភាពអន្តរជាតិ និងតំបន់ និងភាពមិនប្រាកដប្រជា និងអស្ថិរភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក ប៉ុន្តែបានកត់សម្គាល់ថា ការស្វែងរកសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពនៅតែជានិន្នាការនៃសម័យកាល។

លោក Li បានបន្ដថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកូរ៉េខាងត្បូង ដើម្បីរួមគ្នាស្វែងយល់ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ ដោយមានគោលបំណងធានានូវការអភិវឌ្ឍន៍រួម និងវិបុលភាពទៅវិញទៅមក។

លោកបានអំពាវនាវឱ្យភាគីទាំងពីរប្រកាន់ខ្ជាប់នូវភាពជាអ្នកជិតខាងល្អ ការគោរពគ្នាទៅវិញទៅមក និងការប្រព្រឹត្តិដោយស្មើភាពគ្នា សម្របសម្រួលផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក ព្រមទាំងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឱ្យមានសុខភាពល្អ និងស្ថិរភាព។

លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រទេសទាំងពីរផ្តល់ពេញលេញដល់គុណសម្បត្តិបំពេញបន្ថែម រក្សាផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យនានា រួមមានការច្នៃប្រឌិត សហគ្រិនភាព ផលិតកម្មជឿនលឿន សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍន៍បៃតង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕


ប្រែសម្រួល ឈូក បូរ៉ា

To Top