បរទេស ៖ ឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwon បានចូលក្នុងវិមានរដ្ឋាភិបាល នៅព្រឹកថ្ងៃសុក្រ ជាថ្ងៃដំបូង របស់លោកក្នុង នាមជានាយករដ្ឋមន្ត្រីចាំផ្ទះ ឬនាយករដ្ឋមន្រ្តីបណ្តោះអាសន្ន ដោយលោកបានបដិសេធ មិនឆ្លើយសំណួរ របស់អ្នកសារព័ត៌មានឡើយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅឯវិមានរដ្ឋាភិបាល ឧត្តមសេនីយ៍ Prawit បានត្រឹមតែញញឹម នៅពេលអ្នកសារព័ត៌មានសួរថា តើលោកមានអារម្មណ៍យ៉ាងណា នៅថ្ងៃដំបូងនៅក្នុងការងារ។
លោកមិនបានឆ្លើយតប នៅពេលត្រូវបានគេសួរថា តើលោកមានទំនុកចិត្ត លើតួនាទីនេះឬទេ? លោកក៏មិននិយាយដែរថា តើលោកបាន និយាយជាមួយឧត្តមសេនីយ៍ Prayut Chan-o-cha ដែរឬទេ ចាប់តាំង ពីតុលាការធម្មនុញ្ញ កាលពីថ្ងៃព្រហស្បតិ៍ បានព្យួរលោកដោយរង់ចាំការ សម្រេចលើការកាន់តំណែង របស់នាយករដ្ឋមន្ត្រី ។
នៅម៉ោង ៩ និង៣០នាទី ព្រឹក លោកឧត្តមសេនីយ៍ Prawit បានទទួលជួបលោក Fadillah Yusof រដ្ឋមន្ត្រីជាន់ខ្ពស់ នៃ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសម៉ាឡេស៊ី។ នៅម៉ោង១០និង៣០នាទីព្រឹក លោកបានធ្វើជា ប្រធានសន្និសីទតាមវីដេអូ របស់គណៈបញ្ជាការទឹកជាតិ៕
ប្រែសម្រួលៈ ណៃ តុលា