បរទេស ៖ យោងតាមការប្រភព អះអាងចេញពីប្រទេសតួកគី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់ CIA បានបង្ហាញនូវការ គម្រាមកំហែង ជាសាធារណៈចំពោះក្រុមអ្នកជំនួញតួកគី ទាំងឡាយណា ដែលកំពុងរកស៊ីជាមួយនឹងជនជាតិរុស្សី ។
សារព័ត៌មានតួកគី Safak daily បានរាយការណ៍ដែរថា CIA បានធ្វើការគាសកកាយចូលទៅក្នុងកិច្ចព្រមព្រៀង អចលនទ្រព្យ រវាងជនជាតិរុស្សី ដែលរស់នៅក្នុងប្រទេសតួកគី ដោយបង្ហាញអំពីក្តីបារម្ភថា វាមានភាពលើសលប់ទៅនឹង ទណ្ឌកម្មសេដ្ឋកិច្ច ដែលធ្វើឡើងដោយ អាមេរិក។
ប្រភពអះអាងដដែលបានបន្តទៀតថា ការិយាល័យ CIA នៅតួកគីបានធ្វើការកោះហៅ ក្រុមបុគ្គលិកជាន់ខ្ពស់ នៃបណ្តាក្រុមហ៊ុនសំណង់ធំៗ ព្រមទាំងបានធ្វើការចូលទៅមើលប្រតិបត្តិការ និងកិច្ចព្រមព្រៀងសំងាត់ៗផ្សេង ដែលពាក់ព័ន្ធទៅនឹង ការទិញលក់អចលនទ្រព្យរបស់រុស្សី នៅក្នុងប្រទេសតួគីផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី