ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ថា សម្ព័ន្ធមិត្តកំពូល របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើង កាលពីថ្ងៃសុក្រថា ទីក្រុងម៉ូស្គូនឹងមិនបញ្ឈប់យុទ្ធនាការ យោធារបស់ខ្លួនក្នុងប្រទេស អ៊ុយក្រែនឡើយ បើទោះបីជាទីក្រុង គៀវ បានបដិសេធជាផ្លូវការ នូវសេចក្តីប្រាថ្នា របស់ខ្លួនក្នុងការចូលរួមជាមួយអង្គការ ណាតូក៏ដោយ ។
អតីតប្រធានាធិបតីលោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ក៏បានថ្លែងនៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍បារាំងថា រុស្ស៊ីបានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy ក្រោមលក្ខខណ្ឌមួយចំនួន ។
សូម្បីតែមុនការលុកលុយខែកុម្ភៈ ទីក្រុងម៉ូស្គូបានបញ្ជាក់យ៉ាងច្បាស់ថា សមាជិកភាពអ៊ុយក្រែនរបស់ NATO មិនអាចទទួលយកបានឡើយ ។
លោក Medvedev បានប្រាប់ដល់ទូរទស្សន៍ LCI នៅក្នុងសម្រង់សម្តី ដែលរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ីថា “ការបោះបង់ការចូលរួមរបស់ខ្លួន នៅក្នុងសម្ព័ន្ធភាពអាត្លង់ទិកខាងជើង ឥឡូវនេះគឺមានសារៈសំខាន់ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ ក្នុងការបង្កើតសន្តិភាព” ។
លោកបានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបន្តយុទ្ធនាការនេះ រហូតដល់គោលដៅរបស់ខ្លួនត្រូវបានសម្រេច ។ លោក ពូទីន លើកឡើងថា គាត់ចង់ “បំផ្លាញ” អ៊ុយក្រែន។ គៀវ និងលោកខាងលិចលើកឡើងថា នេះជាលេសគ្មានមូលដ្ឋានសម្រាប់សង្គ្រាមដណ្តើមយក ។
គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន បានបើកកិច្ចចរចាជាច្រើន ជុំបន្ទាប់ពីការលុកលុយបានចាប់ផ្តើម ប៉ុន្តែពួកគេមិនមានការរីកចម្រើនទេ ហើយមានលទ្ធភាពតិចតួច សម្រាប់ការចាប់ផ្តើមឡើងវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា