បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ RBC បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់ទិន្នន័យគយរបស់ចិនកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានបង្កើនការនាំចេញមាសទៅកាន់ប្រទេសចិនយ៉ាងខ្លាំងនៅពេលដែលរដ្ឋាភិបាលលោកខាងលិចបានបិទទីផ្សាររបស់ពួកគេចំពោះលោហៈដ៏មានតម្លៃជុំវិញសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសចិនបាននាំចូលមាសពីរុស្ស៊ីមានតម្លៃ ១០៨,៨លានដុល្លារក្នុងខែកក្កដា ដែលជាការកើនឡើង ៧៥០ភាគរយ ពីខែមិថុនា និងកើនឡើង ៤,៨០០ភាគរយ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។
អ្នកជំនាញទីផ្សារដែលត្រូវបានសម្ភាសដោយ RBC បាននិយាយថា ពួកគេជឿថាប្រទេសរុស្ស៊ី ដែលជាប្រទេសផលិតមាសធំជាងគេទីពីររបស់ពិភពលោកដែលមានច្រើនជាង ៣០០តោនក្នុងមួយឆ្នាំ បច្ចុប្បន្នកំពុងលក់មាសរបស់ខ្លួនទៅប្រទេសចិនជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៣០ភាគរយ។
អ្នកជំនាញផ្សេងទៀតបានប៉ាន់ស្មានថា ប្រទេសចិន ដែលជាអ្នកទិញមាសកំពូលមួយរបស់ពិភពលោក អាចគ្រាន់តែជាទិសដៅថ្មីដ៏សំខាន់មួយសម្រាប់មាសរបស់រុស្ស៊ីនៅអាស៊ី និងមជ្ឈិមបូព៌ា។
ចំណែកប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមិនបានបញ្ចេញទិន្នន័យស្តីពីការនាំចូលមាសពីរុស្ស៊ីក្នុងឆ្នាំ ២០២២ ត្រូវបានដាក់ឈ្មោះដោយអ្នកដែលបានសម្ភាសន៍ដោយ RBC ថា ជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ការក្លែងបន្លំប្រទេសដើមនៃលោហៈដ៏មានតម្លៃ៕
ប្រែសម្រួលៈ ណៃ តុលា