បរទេស៖ ប្រទេសអូទ្រីស បានគាំទ្រការអំពាវនាវឱ្យមានដំណោះស្រាយទូទាំងសហភាពអឺរ៉ុប ចំពោះវិបត្តិឆ្លងព្រំដែន ដែលកំពុងកើនឡើងនៃតម្លៃអគ្គិសនី ដែលកើនឡើងជាផ្នែកដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន។
អធិការបតីលោក Karl Nehammer បានលើកឡើងថា “ភាពឆ្កួត” នៃការកើនឡើងតម្លៃមានន័យថា “ទីផ្សារនឹងមិនគ្រប់គ្រងខ្លួនឯងនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
ដំបូងឡើយ លោក Nehammer មានមន្ទិលសង្ស័យ ចំពោះគំនិតនៃការកំណត់តម្លៃថាមពល ប៉ុន្តែដោយសារពួកគេក៏មិនបង្ហាញសញ្ញានៃការថមថយដែរ លោកបានពិចារណាឡើងវិញ។ លោក បាន លើកឡើងថា សម្ព័ន្ធ ដឹកនាំ ដោយអភិរក្សនិយមរបស់លោក នឹងព្យាយាមធ្វើឲ្យអ្នកដទៃទៀត នៅក្នុងសហភាពអឺរ៉ុបបន្ដដំណើរជាមួយគ្នា។
លោកបានបន្ដថា “ទីបំផុតយើងត្រូវបញ្ឈប់ភាពឆ្កួតៗដែលកំពុងកើតឡើងនៅក្នុងទីផ្សារថាមពល។ ហើយ វា អាច កើត ឡើង បាន តែ តាម រយៈ ដំណោះស្រាយ អឺរ៉ុប ប៉ុណ្ណោះ”។
លោកបន្ថែមថា មានអ្វីមួយត្រូវតែកើតឡើងនៅទីបំផុត។ ទីផ្សារនេះនឹងមិនគ្រប់គ្រងខ្លួនឯងក្នុងទម្រង់បច្ចុប្បន្នរបស់វានោះទេ។ ខ្ញុំសូមអំពាវនាវឲ្យសហភាពអឺរ៉ុប ទាំង២៧ រដ្ឋជាសមាជិកឈររួម គ្នាដើម្បីបញ្ឈប់ការផ្ទុះឡើងនៃតម្លៃនេះជាបន្ទាន់”។
អូទ្រីសពឹងផ្អែកខ្លាំងលើឧស្ម័នរុស្ស៊ី ជាពិសេសក្នុងឧស្សាហកម្ម និងកំដៅ ដោយទទួលបានប្រហែល ៨០ ភាគរយនៃការផ្គត់ផ្គង់ពីរុស្ស៊ីមុនសង្គ្រាម។ ប៉ុន្តែភាគច្រើននៃអគ្គិសនីរបស់វាក៏បានមកពីការកកើតឡើងវិញដែរ ដោយបង្កើតជាសំណួរពីសាធារណជនអូទ្រីស អំពីប្រព័ន្ធទីផ្សារ ដែលតម្លៃឧស្ម័ន និងថាមពលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ៕
ប្រែសម្រួល ឈូក បូរ៉ា