ម៉ូស្គូ៖ កងទ័ពអង់គ្លេស បានឲ្យដឹងថា រុស្ស៊ី បានបាត់បង់ទាហានរាប់ម៉ឺននាក់ នៅអ៊ុយក្រែន ហើយក្រុងម៉ូស្គូ កំពុង ព្យាយាមជ្រើសរើសទាហានបន្ថែម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
នៅពេលដែលសង្រ្គាមអូសបន្លាយដល់ខែទី៧ របស់ខ្លួន វិមានក្រឹមឡាំង នៅតែតឹងតែងលើចំនួនអ្នកស្លាប់ បន្ទាប់ពីផែនការរអាក់រអួលជាច្រើនខែ ហើយសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ដអូសបន្លាយ ដោយមិនទាន់ដឹកពីអ្នកណាឈ្នះចាញ់នៅឡើយ។
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស (Mod) បានឲ្យដឹងថា វាមិនទាន់ច្បាស់ថាតើរុស្ស៊ីនឹងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការជ្រើសរើសបុគ្គលិកបន្ថែមជិត ១៤ម៉ឺននាក់ទៅកាន់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនយ៉ាងដូចម្តេចនោះទេ។
នៅក្នុងនោះដែរចក្រភពអង់គ្លេស បានផ្តល់យន្តហោះគ្មានមនុស្ស បើករុករកគ្រាប់មីនដល់អ៊ុយក្រែ ន ដើម្បីជួយ បោសសម្អាត ឆ្នេរសមុទ្ររុស្ស៊ី ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុនបានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីបង្កើនទំហំកងទ័ពពី ១,៩លាននាក់ទៅ ២,០៤ លាននាក់។
ប្រភពពី MoD បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “រដ្ឋាភិបាលត្រូវបានណែនាំឱ្យផ្តល់មូលនិធិ ដើម្បីសម្រេចបាននូវបញ្ហានេះ” ។ វានៅតែមិនច្បាស់ថាតើរុស្ស៊ីនឹងព្យាយាមបំពេញការបែងចែក ដែលកើនឡើងនេះពីការជ្រើសរើសទាហានស្ម័គ្រចិត្ត ‘កិច្ចសន្យា’ បន្ថែមទៀត ឬពីការបង្កើនគោលដៅប្រចាំឆ្នាំ សម្រាប់សេចក្តីព្រាងការចុះឈ្មោះ៕
ប្រែសម្រួល ឈូក បូរ៉ា