ព័ត៌មានអន្តរជាតិ

តាលីបង់ ចោទប៉ាគីស្ថានថា អនុញ្ញាតឱ្យអាមេរិក ប្រើប្រាស់ ដែនអាកាស របស់ខ្លួន វាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកនៅលើទឹកដី អាហ្វហ្គានីស្ថាន

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិតាលីបង់ លោក Mohammad Yaqoob បានចោទប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យថា បានអនុញ្ញាត ឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ ដែនអាកាសរបស់ខ្លួន សម្រាប់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកនៅលើទឹកដី អាហ្វហ្គានីស្ថាន។ អាជ្ញាធរក្នុងទីក្រុង អ៊ីស្លាម៉ាបាដ (ប៉ាគីស្ថាន) បានបដិសេធការ ជាប់ពាក់ព័ន្ធក្នុងការ វាយប្រហារដោយយន្តហោះគ្មាន មនុស្សបើករបស់អាមេរិក នៅក្រុងកាប៊ុល ក្នុងខែកក្កដា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Yaqoob បានប្រាប់អ្នកយកព័ត៌មានថា ក្រុមតាលីបង់ ដែលជាក្រុមអ៊ីស្លាមសកម្មប្រយុទ្ធ ដែលបានគ្រប់គ្រង អាហ្វហ្គានីស្ថាន ចាប់តាំងពីការដកទ័ព របស់សហរដ្ឋអាមេរិក កាលពីមួយឆ្នាំមុនមក មិនអាចតាមដានការរំលោភ ដែនអាកាសអាហ្វហ្គានីស្ថាន បានត្រឹមត្រូវទេ ខណៈដែល យោធាអាមេរិក “បានបំផ្លាញ ទាំងស្រុង” ហេដ្ឋារចនាសម្ព័ន្ធរ៉ាដា របស់ខ្លួន មុនពេលចាកចេញ ពីប្រទេសនេះកាលពីខែសីហា ឆ្នាំ ២០២១ ។

លោកបានអះអាងថា៖ «តាមព័ត៌មានរបស់យើង យន្តហោះគ្មានមនុស្សបើកកំពុង ចូលកាត់ប៉ាគីស្ថានទៅអាហ្វហ្កានីស្ថាន ពួកគេប្រើដែន អាកាសប៉ាគីស្ថាន» ។

កន្លងមកអាជ្ញាធរ ប៉ាគីស្ថាន បានបដិសេធការចោទប្រកាន់ថា ពួកគេបានចូលរួមនៅក្នុងការវាយ ប្រហារដោយយន្តហោះគ្មាន មនុស្សបើក របស់សហរដ្ឋអាមេរិក ដែលបានសម្លាប់មេដឹកនាំអាល់កៃដា Ayman al-Zawahiri ក្នុងទីក្រុងកាប៊ុលកាលពីខែមុន ។ ក្រុមតាលីបង់ ដែលសមាជិកបច្ចុប្បន្ន កំពុងទាមទារឱ្យពួកគេទទួលស្គាល់ថា ជាអ្នកគ្រប់គ្រងស្របច្បាប់ របស់ប្រទេសអាហ្វហ្គានីស្ថាន បានពិពណ៌នា ការវាយប្រហារតាមអាកាសថា ជាការរំលោភលើ “គោលការណ៍អន្តរជាតិ” និងកិច្ចព្រមព្រៀង ទីក្រុងដូហា៕
ប្រែសម្រួលៈ ណៃ តុលា

To Top