គៀវ ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា លោក Olexiy Kovalev អតីតសមាជិក សភាអ៊ុយក្រែន ដែលបានសហការ ជាមួយកងកម្លាំងកាន់កាប់ ត្រូវបានបាញ់សម្លាប់ នៅក្នុងផ្ទះរបស់លោក នៅក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេស ។
ប្រព័ន្ធផ្សព្វផ្សាយដូចជា Baza បានអះអាងថា លោក Kovalev អាយុ ៣៣ឆ្នាំបានស្លាប់បន្ទាប់ពីទទួលរងរបួសដោយគ្រាប់កាំភ្លើងចំក្បាលកាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
មិត្តស្រី របស់លោកបាន រងរបួស ក្នុងការវាយប្រហារ ហើយបានស្លាប់ នៅមន្ទីរពេទ្យ កាលពីថ្ងៃចន្ទ ។ លោក Sergei Khlan ទីប្រឹក្សាប្រធានរដ្ឋបាល យោធារបស់ Kherson បានលើកឡើងថា “នៅព្រឹកនេះ មិត្តស្រីរបស់លោក Olexiy Kovalev បានស្លាប់នៅក្នុងបន្ទប់ថែទាំ ដែល ICU បន្ទាប់ពីបានរងរបួសធ្ងន់” ។
លោក Kovalev ធ្លាប់បម្រើការនៅក្នុងគណបក្ស របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងជាអនុប្រធានផ្នែកកសិកម្មនៅទីក្រុង Kherson ។ សាកសពរបស់លោកត្រូវបានគេរាយការណ៍ថា បានរកឃើញដោយម្តាយ របស់លោក បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃអាទិត្យ។ ត្រូវបានគេរាយការណ៍កាលពីខែមិថុនាថា បានគាំទ្រជាសាធារណៈ ចំពោះការកាន់កាប់របស់រុស្ស៊ី នៅក្នុងតំបន់ Kherson ៕
ប្រែសម្រួល ឈូក បូរ៉ា