បរទេស៖ ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា នៅតែមានទឹកចិត្ត និងបន្តបំពេញការងារជារដ្ឋមន្ត្រីក្រសួងការពារជាតិ បន្ទាប់ពីលោកត្រូវបានព្យួរពីតួនាទី ជានាយករដ្ឋមន្ត្រី កាលពីសប្តាហ៍មុន។ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ Anupong Paochinda បាននិយាយនៅថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Anupong ឆ្លើយតបនៅពេលអ្នកយកព័ត៌មាន ចូលទៅជិតលោកមុនកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ដើម្បីសួរគាត់អំពីលោក ប្រាយុទ្ធ ដោយលោកថា លោកប្រាយុទ្ធកំពុងធ្វើការងារ របស់គាត់ដូចសព្វដង» ។
សូមជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍មុន តុលាការធម្មនុញ្ញបានទទួលយក ញាត្តិ របស់សមាជិកសភាបក្សប្រឆាំង សម្រាប់ការពិភាក្សាថា តើអាណត្តិរបស់លោក ប្រាយុទ្ធ ចាន់អូចា ផុតកំណត់នៅថ្ងៃទី២៤ ខែសីហា នៅពេលដែលលោកបានបញ្ចប់ ការកាន់តំណែង រយៈពេល៨ឆ្នាំ។ តុលាការបានព្យួរ លោកពីតួនាទី នាយករដ្ឋមន្ត្រី ដោយរង់ចាំការសម្រេចរបស់ខ្លួន។
លោក ប្រាយុទ្ធ ចាន់អូចា បានគេចវេសមិនផ្តល់ ការអត្ថាធិប្បាយ ទៅកាន់ក្រុមអ្នកកាសែតនោះទេ ចាប់តាំងពីតុលាការ បានព្យួរការងាររបស់លោករួចមក៕
ប្រែសម្រួលៈ ណៃ តុលា