បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំង កាលពីថ្ងៃច័ន្ទថា ការបែងចែក ដែលកំពុងកើនឡើង នៅក្នុងសហភាពអឺរ៉ុប លើជម្លោះអ៊ុយក្រែន អាចធ្វើអោយប្លុកនេះ មានការបែកបាក់។ មេដឹកនាំប៉ូឡូញរូបនេះ បាននិយាយថា នេះគឺដោយសារតែប្រទេសសមាជិកមួយចំនួន ចង់ស្វែងរកសន្តិភាព ជាជាងនៅជាប់នឹង ទីក្រុងគៀវ រហូតដល់ប្រទេសនេះ ទទួលបានជ័យជំនះ ក្នុងការប្រយុទ្ធប្រឆាំងនឹង ប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា និយាយទៅកាន់កាសែត Le Figaro លោក Morawiecki បានបង្ហាញថា រុស្ស៊ីនឹងព្យាយាមបញ្ចុះបញ្ចូល លោកខាងលិចឱ្យបញ្ចប់អរិភាព ក្នុងប្រទេសអ៊ុយក្រែន ហើយត្រឡប់ទៅរក “អាជីវកម្មដូចធម្មតា” ដោយទាញយកផលប្រយោជន៍ ពីការបែកបាក់គ្នា ក្នុងចំណោមសមាជិក សហភាពអឺរ៉ុប លើបញ្ហានេះ។
លោកបន្តថា បើ “ដូច្នេះមែន ការគំរាមកំហែងនៃការបំផ្ទុះ នឹងកើតមាន នោះហើយជាមូលហេតុ ដែលវាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរក្សាការសន្ទនា រវាងពួកយើង ដើម្បីស្វែងរកការ សម្របសម្រួល និងការបែងចែករួមមួយ»។
កាលពីថ្ងៃចន្ទ លោក Morawiecki បានជួបជាមួយប្រធានាធិបតីបារាំង Emmanuel Macron ។ យោងតាមនាយករដ្ឋមន្ត្រីប៉ូឡូញ អ្នកទាំងពីរបានពិភាក្សាគ្នា អំពីជម្លោះអ៊ុយក្រែន របៀបដែល “បង្ខំទាហានរុស្ស៊ីឱ្យដកចេញ” ក៏ដូចជាបញ្ហាសេដ្ឋកិច្ច របស់សហភាពអឺរ៉ុបផងដែរ។ មេដឹកនាំប៉ូឡូញបាននិយាយថា លោក និង លោក Macron ចែករំលែកទស្សនៈរួមមួយសម្រាប់ការពង្រឹងសមត្ថភាពយោធារបស់ប្លុកនេះ៕
ប្រែសម្រួលៈ ណៃ តុលា