ប៉ារីស ៖ ប្រធានគណៈកម្មការគ្រប់គ្រង ថាមពលរបស់ប្រទេស លោកស្រី Emmanuelle Wargon បានប្រាប់បណ្តាញព័ត៌មានបារាំង LCI កាលពីថ្ងៃពុធថា ការផ្គត់ផ្គង់ឧស្ម័ន ទៅប្រទេសបារាំង ក្នុងរដូវរងារនេះ “នឹងមិនមានបញ្ហានោះទេ” ។
នៅពេលសួរអំពីផលប៉ះពាល់ នៃការសម្រេចចិត្ត របស់ក្រុមហ៊ុន Gazprom ក្នុងការផ្អាកការដឹកជញ្ជូនឧស្ម័នទៅប្រទេសបារាំង ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ លោកស្រី Wargon បានលើកឡើងថា “ជាសំណាងល្អ វាមិនផ្លាស់ប្តូរច្រើននោះទេ” ។
លោកស្រីបានពន្យល់ថា “ឧស្ម័នរបស់រុស្ស៊ី គឺ ១៧ភាគរយនៃការផ្គត់ផ្គង់របស់ យើងមុនពេលមានវិបត្តិ ថ្ងៃនេះវាមាន ៩ភាគរយ ហើយយើងបន្តធ្វើពិពិធកម្ម” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
គួរបញ្ជាក់ថា បារាំង ក៏ ទិញ ឧស្ម័ន ពី ប្រទេស ផ្សេង ទៀត ដូច ជា ន័រវែស និង អាល់ហ្សេរី ។ លោកស្រី Wargon បន្ថែមថា “យើងក៏ទិញឧស្ម័នធម្មជាតិ រាវផងដែរ ដែលមកដល់តាមទូក មុនពេលត្រូវបានរក្សាទុកនៅក្នុងស្ថានីយ ដែលដាក់វាត្រឡប់ មកវិញក្នុងទម្រង់ជាឧស្ម័ន ហើយដែលអាចទិញ បាននៅគ្រប់ទីកន្លែង” ។
ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាលោកស្រី Wargon បានលើកឡើងថា រដ្ឋាភិបាលមានទំនុកចិត្ត លើលទ្ធភាពនៃការឆ្លងកាត់រដូវរងា ក្នុងប្រទេសបារាំងដោយគ្មានឧស្ម័នរុស្ស៊ីក៏ដោយ លោកស្រីបានព្រមានថា “ឧស្ម័នមានតិចនៅក្នុង ប្រទេសបារាំង វាកាន់តែជំរុញឱ្យតម្លៃកើនឡើង” ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរថាមពល របស់ប្រទេសបារាំង លោក Agnes Pannier-Runacher បានប្រកាសកាលពីដើមខែសីហាថា ស្តុកឧស្ម័នរបស់ប្រទេសបារាំងមាន ៨០ភាគរយពេញហើយ ដើម្បីត្រៀមសម្រាប់កង្វះខាត ដែលអាចកើតមាន ក្នុងរដូវរងានេះ៕
ប្រែសម្រួល ឈូក បូរ៉ា