ព្រុចសែល៖ នាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Alexander De Croo បានជំរុញឱ្យសហភាពអឺរ៉ុប ទទួលខុសត្រូវក្នុងការគ្រប់គ្រងតម្លៃថាមពល ដែលបានកើនឡើងយ៉ាងខ្លាំង ដែលបានឈានដល់កម្រិតមួយ ដែលមិនស្ថិតស្ថេរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោកបានលើកឡើងថា “វាគឺនៅកម្រិតអឺរ៉ុបតែប៉ុណ្ណោះ ដែលយើងនឹងទទួលបានជោគជ័យ ក្នុងការកាត់បន្ថយតម្លៃថាមពល។ មានតែអឺរ៉ុបទេដែលអាច សម្រេចបាននូវបញ្ហានេះ” ។
រដ្ឋាភិបាលសហព័ន្ធ និងតំណាងអង្គភាពសហព័ន្ធ របស់ប្រទេសបែលហ្ស៊ិកបានជួបប្រជុំគ្នា នៅទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារ ក្នុងគណៈកម្មាធិការពិគ្រោះយោបល់ (CODECO) ហើយបានគ្រប់គ្រងដើម្បី បង្កើតវិធានការបន្ថែមដើម្បីដោះស្រាយជាមួយនឹងការកើនឡើង នៃតម្លៃថាមពលនៅថ្នាក់ជាតិ ខណៈក្នុងពេលជាមួយគ្នានេះ អំពាវនាវឱ្យសហភាពអឺរ៉ុប ទទួលខុសត្រូវរបស់ខ្លួន។
ដូច្នេះហើយលោក De Croo បានចាប់ផ្តើមពិភាក្សាជាមួយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ដើម្បីសិក្សាពីលទ្ធភាព នៃការកាត់បន្ថយតម្លៃថាមពល។
លោក De Croo បានលើកឡើងថា “ចាប់តាំងពីខែមីនាមក ប្រទេសរបស់យើងបាននឹងកំពុង អង្វររកវិធានការណ៍ដើម្បីចាត់វិធានការលើតម្លៃឧស្ម័ន និងជាពិសេសដើម្បីសម្រេចបាននូវការបង្កកតម្លៃឧស្ម័ន” ដោយបន្ថែមថា លោកស្រី von der Leyen បានប្រកាសនៅដើមសប្តាហ៍ថា យន្តការសង្គ្រោះបន្ទាន់មួយនឹងត្រូវបានដាក់ នៅកន្លែងដើម្បីបញ្ចុះតម្លៃថាមពល។
ដោយមើលឃើញពីការ កើនឡើងនៃតម្លៃថាមពល CODECO បានសម្រេចចិត្តបន្តវិធានការ គាំទ្រទាំងអស់ដែលមានជាធរមានរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ ទាំងនេះរួមមានការកាត់បន្ថយពន្ធលើតម្លៃបន្ថែម ៦ភាគរយលើឧស្ម័ន និងអគ្គិសនី ការកាត់បន្ថយពន្ធគយលើឥន្ធនៈ និងការបន្តតម្លៃពន្ធសង្គម និងប័ណ្ណឥន្ធនៈដល់ក្រុមគោលដៅ៕
ប្រែសម្រួល ឈូក បូរ៉ា