បរទេស៖ អាហ្សង់ទីនបានឃុំខ្លួនបុរសម្នាក់ដែលព្យាយាមបាញ់សម្លាប់អនុប្រធានាធិបតីអាហ្សង់ទីន គឺលោកស្រី Cristina Fernández de Kirchner កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ចំណែកប្រធានាធិបតី គឺលោក Alberto Fernández បាននិយាយដោយហៅការប៉ុនប៉ងបាញ់សម្លាប់នេះថា ជា”ឧប្បត្តិហេតុធ្ងន់ធ្ងរបំផុតដែលបានកើតឡើងចាប់តាំងពីយើងទទួលបានលទ្ធិប្រជាធិបតេយ្យឡើងវិញ” ។
យោងតាមសារព័ត៌មាន The Washington Post ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូគឺថតបានបុរសម្នាក់កាន់កាំភ្លើងភ្ជុងទៅក្បាលលោកស្រីអនុប្រធានាធិបតីក្នុងទីក្រុង Buenos Aires ។ លោកប្រធានាធិបតី Fernández បាននិយាយថា កាំភ្លើងនោះមានគ្រាប់កាំភ្លើងចំនួន ៥ ហើយបុរសនោះបានកេះកៃកាំភ្លើង ទោះបីជាអាវុធមិនបានបាញ់ ឬផ្ទុះក៏ដោយ។ លោកស្រីអនុប្រធានាធិបតី Kirchner អាយុ ៦៩ ឆ្នាំមិនមានគ្រោះថ្នាក់ទេ ហើយត្រូវបានការពារដោយក្រុមអនុវត្តច្បាប់សហព័ន្ធ។ ហេតុការណ៍នេះស្ថិតក្រោមការស៊ើបអង្កេត។
យោងតាមរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសអាហ្សង់ទីនបានឱ្យដឹងថា បុរសជនជាតិប្រេស៊ីលអាយុ ៣៥ ឆ្នាំម្នាក់ឈ្មោះ Fernando Andres Sabag Montiel ត្រូវបានចាប់ខ្លួន។ នៅក្នុងវីដេអូនៃឧបទ្ទវហេតុដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយស្ថានីយ៍ទូរទស្សន៍មួយ៕