ស្ដុកហូម៖ រដ្ឋាភិបាលស៊ុយអែតកាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យដកឧស្ម័នចេញពី ប្រព័ន្ធកំណត់តម្លៃអគ្គិសនី ព្រោះនេះនឹងនាំឱ្យតម្លៃអគ្គិសនីធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នាយករដ្ឋមន្ត្រីលោកស្រី Magdalena Andersson បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា “វាមិនសមហេតុផលទេ ដែលគ្រួសារ និងក្រុមហ៊ុនស៊ុយអែត ទិញអគ្គិសនីស៊ុយអែត ដែលផលិតក្នុងតំលៃថោក ប៉ុន្តែត្រូវបង់ថ្លៃខ្ពស់ ព្រោះប្រទេសជិតខាងជាច្រើន របស់យើងពឹងផ្អែកលើឧស្ម័នរុស្ស៊ី”។
យោងតាមលោកស្រី Andersson បានឱ្យដឹងថា រដ្ឋាភិបាលស៊ុយអែត នឹងទាមទារឱ្យតម្លៃអគ្គិសនី នៅលើទីផ្សារថាមពលអឺរ៉ុប ត្រូវបានកាត់ចេញពីតម្លៃឧស្ម័ន ដែលបានកើនឡើងខ្ពស់មិន សមហេតុផលដោយសារតែ “សង្រ្គាមថាមពល” របស់រុស្ស៊ីប្រឆាំងនឹងអឺរ៉ុប។
រដ្ឋមន្ត្រីក្រសួងថាមពល និងអភិវឌ្ឍន៍ឌីជីថល Khashayar Farmanbar បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានដដែលថា ការបំបែកឧស្ម័ននឹងនាំឱ្យតម្លៃអគ្គិសនី នៅភាគខាងត្បូងប្រទេសស៊ុយអែត ត្រូវបានកាត់បន្ថយពាក់កណ្តាល។
លោកស្រី Andersson ក៏បានប្រកាសថា លោកស្រីនឹងធ្វើការឱ្យសម្ព័ន្ធភាព ទូលំទូលាយនៅក្នុងសហភាពអឺរ៉ុប ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី ដែលថ្មីៗនេះបានឈានដល់កម្រិតកំណត់ត្រា។
គួរបញ្ជាក់ថា តម្លៃអគ្គិសនីនៅក្នុងប្រទេសស៊ុយអែត ជាពិសេសនៅភាគខាងត្បូង បានឡើងថ្លៃម្តងហើយម្តងទៀត ជាមួយនឹងតម្លៃជាមធ្យម ៣,០៥លុយស៊ុយអែត (០,២៨ដុល្លារអាមេរិក) ក្នុងមួយគីឡូវ៉ាត់ម៉ោង និងខ្ពស់បំផុតជិត ៨លុយស៊ុយអែត៕
ប្រែសម្រួល ឈូក បូរ៉ា