រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ថា អតីតទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃសុក្រ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំបន្ថែមទៀត ពីបទក្លែងបន្លំការបោះឆ្នោត នៅក្នុងឆ្នាំ២០២០ ដោយបង្កើនការជាប់ពន្ធនាគារ សរុបដល់២០ឆ្នាំ ។ ក្រុមប្រឹក្សាបានបញ្ជាក់កាលពីថ្ងៃសៅរ៍យ៉ាងដូច្នេះ ។
ក្រុមព័ត៌មានបានឲ្យដឹងថា លោកស្រី រួមជាមួយអតីតប្រធានាធិបតីលោក U Win Myint និងអតីតរដ្ឋមន្ត្រីក្រសួងសហភាព នៃការិយាល័យរដ្ឋាភិបាល សហភាពលោក U Min Thu ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទក្លែងបន្លំការបោះឆ្នោត ។
នៅមុននេះ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសពីបទចោទប្រកាន់ជាច្រើន រួមមានអំពើពុករលួយ ញុះញង់ បំពានច្បាប់គ្រប់គ្រង គ្រោះមហន្តរាយធម្មជាតិ បំពានច្បាប់នាំចេញ និងនាំចូល និងបំពានច្បាប់ទំនាក់ទំនង ។
លោកស្រីត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ១៧ឆ្នាំរួចហើយ ពីបទល្មើសទាំងនេះ ហើយឥឡូវនេះត្រូវប្រឈម នឹងការជាប់ពន្ធនាគារ២០ឆ្នាំ ។
គួររំលឹកថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint ទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់មួយចំនួន នៃគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា (NLD) ត្រូវបានចាប់ខ្លួនដោយយោធា ។
ការកាត់ក្តីលើការចោទប្រកាន់បន្ថែមទៀត ប្រឆាំងនឹងលោកស្រី អ៊ុងសាន ស៊ូជី នឹងកើតឡើងបន្តទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា