ព័ត៌មានអន្តរជាតិ

ឥណ្ឌា បង្កើនការទិញប្រេង ពីរុស្ស៊ី ក្នុងពេលដែលរុស្ស៊ី កំពុងបញ្ចុះតម្លៃ

បរទេស៖ ឥណ្ឌា​បាន​បង្កើន​ការទិញ​ប្រេង​ ពី​រុស្ស៊ី​ក្នុង​ខែសីហា នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ចេញផ្សាយកាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ដកស្រង់​ទិន្នន័យ​នៃការដឹកជញ្ជូន​។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍នោះ គឺនាវាដឹកប្រេងចំនួន ៦ គ្រឿងដែលផ្ទុកដោយប្រេង ESPO របស់រុស្ស៊ី ដែលជាម៉ាកប្រេងឆៅស៊ីបេរី បានធ្វើដំណើរទៅកាន់រោងចក្រចម្រាញ់ប្រេងរបស់ឥណ្ឌាកាលពីខែមុន។ នេះមានចំនួនជិតមួយភាគប្រាំនៃការដឹកជញ្ជូនប្រចាំខែដែលមាន ESPO ។

កាសែតនេះបានផ្សាយទៀតថា វាក៏ជាការដឹកជញ្ជូនដ៏ធំបំផុតរបស់ប្រេងឆៅរុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាផងដែរ។

អ្នកវិភាគនិយាយថា ការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានឹងចំណាយពេលយូរសម្រាប់នាវាដឹកប្រេង របស់រុស្ស៊ីជាជាងទៅកាន់ប្រទេសចិន ប៉ុន្តែ “ការនាំចេញអាចនឹងបន្តដរាបណាតម្លៃនៅតែទាក់ទាញ ហើយមិនមានការដាក់ទណ្ឌកម្មពិតប្រាកដដែលរារាំងពាណិជ្ជកម្មនោះទេ”។

ប្រទេសឥណ្ឌាបាននឹងកំពុងបង្កើន ការទិញប្រេងពីរុស្ស៊ីចាប់តាំងពីនិទាឃរដូវ នៅពេលដែលទីក្រុងម៉ូស្គូបានណែនាំការបញ្ចុះតម្លៃដើម្បីទាក់ទាញអ្នកទិញថ្មី បន្ទាប់ពីបណ្តាប្រទេសលោកខាងលិចបានជៀសវាង ការនាំចេញប្រេងឆៅរបស់រុស្ស៊ីចំពេលមានការដាក់ទណ្ឌកម្ម ទាក់ទងនឹងអ៊ុយក្រែន៕

ប្រែសម្រួលៈ ណៃ តុលា 

To Top