ព័ត៌មានអន្តរជាតិ

អឺរ៉ុប ត្រូវប្រឈមនឹង រដូវរងាខាងមុខ យ៉ាងជូរចត់ ប្រសិនបើគ្មាន ឧស្ម័នរបស់រុស្ស៊ី

បរទេស៖ អឺរ៉ុប កំពុងឆ្ពោះទៅរករដូវរងាដ៏ជូរចត់ ខណៈដែលការរំខានថ្មី នៃឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី ធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវវិបត្តិថាមពល និងវិបត្តិតម្លៃរស់នៅ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនផលិតឧស្ម័នធំ ជាងគេរបស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានបញ្ឈប់ការផ្គត់ផ្គង់ ឧស្ម័នតាមរយៈបំពង់ Nord Stream I ក្នុងរយៈពេលមិនកំណត់ ដោយសារតែដំណើរការខុស ប្រក្រតីនៅអង្គភាពបង្ហាប់។

យោងតាមក្រុមហ៊ុន Gazprom ខ្លួនបានទទួលការព្រមានពីអ្នកឃ្លាំមើលផ្នែកបច្ចេកវិទ្យា និងបរិស្ថានវិទ្យារដ្ឋ Rostekhnadzor របស់រុស្ស៊ីថា ដំណើរការខុសប្រក្រតីដែលបានរកឃើញ “មិនអនុញ្ញាតឱ្យមានដំណើរការប្រកប ដោយសុវត្ថិភាពនៃម៉ាស៊ីនទួរប៊ីនឧស្ម័ន”។

ការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីទៅកាន់ប្រទេស អាល្លឺម៉ង់តាមរយៈបំពង់បង្ហូរប្រេងនឹងត្រូវរំខានដោយគ្មានកំណត់។ ការដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន ថាមពលឈានមុខគេរបស់ប្រទេសបារាំង Engie ត្រូវបានផ្អាករួចហើយកាលពីថ្ងៃព្រហស្បតិ៍។

ក្រុមអ្នកវិភាគឲ្យដឹងថា ការកាត់ផ្តាច់ឧស្ម័នរបស់រុស្ស៊ី ទំនងជានឹងធ្វើឱ្យវិបត្តិថាមពល របស់អឺរ៉ុបកាន់តែអាក្រក់ និងបង្កឱ្យមានការឡើង ថ្លៃប្រេងបន្ថែមទៀត ការកើនឡើងអតិផរណា និងប៉ះពាល់ដល់ជីវភាពរស់នៅ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top