អង់ការ៉ា ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានចេញការព្រមានប្រឆាំង នឹងប្រទេសក្រិក ជុំវិញអ្វីដែលទីក្រុងអង់ការ៉ាហៅថា “ការយាយី” នាពេលថ្មីៗនេះ លើយន្តហោះចម្បាំងតួកគីនៅតំបន់ Aegean និងភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ។

លោក Erdogan បានឲ្យដឹង នៅឯមហោស្រពអវកាស និងបច្ចេកវិទ្យា Teknofest ខេត្ត Samsun សមុទ្រខ្មៅថា “ហេក្រិច ក្រឡេកមើលប្រវត្តិសាស្ត្រវិញទៅ។ ប្រសិនបើអ្នកទៅឆ្ងាយពេក វានឹងត្រូវចំណាយច្រើន។ យើងមានប្រយោគតែមួយ សម្រាប់ក្រិក កុំភ្លេច Izmir”។
លោកសំដៅទៅលើការដកទ័ពក្រិក ចេញពីខេត្ត Izmir ភាគខាងលិចរបស់តួកគី កំឡុងសង្គ្រាមឯករាជ្យរបស់ប្រទេសក្នុងឆ្នាំ១៩២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកបានបន្ថែមថា “ការកាន់កាប់កោះមិនចងយើងនោះទេ យើងនឹងធ្វើអ្វី ដែលចាំបាច់នៅពេលវេលា មកដល់ដូចយើងនិយាយថា យើងអាចមកភ្លាម ត្រឹមរយៈពេលមួយយប់ “។
ថ្មីៗនេះរដ្ឋាភិបាលតួកគី បានចោទប្រកាន់ប្រទេសក្រិកថា បានយាយីយន្តហោះតួកគីពីរដងដែលបំពេញបេសកកម្មរបស់អង្គការណាតូនៅលើសមុទ្រ Aegean និងមេឌីទែរ៉ាណេ។
ទីក្រុងអង់ការ៉ាបានឲ្យដឹងថា យន្តហោះចម្បាំងក្រិក បានចាក់សោរ៉ាដារបស់ពួកគេនៅលើយន្តហោះ F-16 របស់តួកគីនៅថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា ខណៈដែលទីក្រុង Athens បានច្រានចោលការអះអាងនេះ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរ មានជម្លោះជាយូរណាស់មកហើយ លើបញ្ហាជាបន្តបន្ទាប់ រួមទាំងជម្លោះដែនសមុទ្រ និងថាមពលនៅសមុទ្រ Aegean និងមេឌីទែរ៉ាណេ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
