ព័ត៌មានអន្តរជាតិ

ហុងគ្រី បញ្ជាក់ហើយថា នឹងមានឧស្ម័នគ្រប់គ្រាន់ សម្រាប់រដូវរងាខាងមុខនេះ

ប៊ូដាពែស៖ លោក Tamas Menczer រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានលើកឡើងថា ប្រទេសហុងគ្រី នឹងមានឧស្ម័នគ្រប់គ្រាន់ក្នុងរដូវរងានេះ ដើម្បីផ្គត់ផ្គង់គ្រួសារ និងសេដ្ឋកិច្ចរបស់ខ្លួន។

លោក Menczer បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍សាធារណៈ M1 កាលពីថ្ងៃចន្ទថា “ឧស្ម័នកំពុងហូរទៅកាន់ប្រទេសហុងគ្រី ជាកន្លែងដែលប្រជាជននឹងអាដុតចកំដៅ (ផ្ទះរបស់ពួកគេ) ក្នុងអំឡុងពេលត្រជាក់ (រដូវរងា) ហើយឧស្សាហកម្ម និងសេដ្ឋកិច្ចហុងគ្រី នឹងនៅតែមានមុខងារដំណើរការដដែល” ។

លោកបានបន្ដថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរុស្ស៊ី Gazprom ដែលត្រូវបានឈ្មួញកណ្តាលដោយរដ្ឋមន្ត្រីការបរទេស Peter Szijjarto ផ្តល់ឧស្ម័នធម្មជាតិបន្ថែម ៥,៨លានម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ប្រទេសហុងគ្រី ក្នុងខែកញ្ញា និងខែតុលា។

ខណៈពេលដែលការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខថាមពលនៅក្នុងប្រទេសហុងគ្រី កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Gazprom ក៏បង្ហាញពីគម្លាតពីយុទ្ធសាស្រ្ត ដែលត្រូវបានអនុវត្តដោយសហភាពអឺរ៉ុប ដែលកំពុងស្វែងរកការលុបបំបាត់ការពឹងផ្អែកឧស្ម័នរបស់រុស្ស៊ី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Szijjarto បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងមូស្គូ ក្នុងខែកក្កដា ដើម្បីពិភាក្សាអំពីការទិញឧស្ម័នធម្មជាតិបន្ថែមចំនួន ៧០០លានម៉ែត្រគូប។

យោងតាមលោក Menczer ប្រហែលពាក់កណ្តាលនៃការប្រើប្រាស់ឧស្ម័នប្រចាំឆ្នាំរបស់អឺរ៉ុបចំនួន ៤០០ពាន់លានម៉ែត្រគូប ជាប្រពៃណីមកពីប្រទេសរុស្ស៊ី។ លោកបានបន្ថែមថា “ដូច្នេះអ្នកណាដែលនិយាយថា ឧស្ម័នរុស្ស៊ីអាចជំនួសបានក្នុងរយៈពេលខ្លី គឺគ្រាន់តែមិននិយាយការពិតប៉ុណ្ណោះ”៕


ប្រែសម្រួល ឈូក បូរ៉ា

To Top