ព័ត៌មានអន្តរជាតិ

Update: ព្យុះទីហ្វុង Hinnamnor វាយប្រហារកូរ៉េខាងត្បូង បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និង៨នាក់ បាត់ខ្លួន

សេអ៊ូល៖ អាជ្ញាធរបាននិយាយថា មនុស្ស៣នាក់ត្រូវបាន គេរកឃើញថាបានស្លាប់ និង ៨នាក់ផ្សេងទៀត បានបាត់ខ្លួននៅ ក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីព្យុះទីហ្វុង Hinnamnor បានឆ្លងកាត់ភាគខាងត្បូង នៃប្រទេសនេះ នៅថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីក្រុង Pohang បាននិយាយថា មនុស្ស ៧នាក់ត្រូវបានគេរាយការណ៍ថា បានដាច់ទំនាក់ទំនងបន្ទាប់ពី បានចូលទៅក្នុងចំណតក្រោមដី ដែលលិចទឹកនៃអគារផ្ទះល្វែង ក្នុងទីក្រុងនៅម៉ោងប្រហែល ៦ និង៣០នាទី ព្រឹកដើម្បីយករថយន្តរបស់ពួកគេ។

បច្ចុប្បន្នក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើប្រតិបត្តិការបូមទឹក ចេញពីយានដ្ឋានចតរថយន្ត និងស្វែងរកអ្នកដែលបាត់ខ្លួន។

រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បាននិយាយថា ព្យុះទីហ្វុង Hinnamnor បានធ្វើដំណើរចេញពីប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារ ប្រហែល ២ កន្លះម៉ោង បន្ទាប់ពីបានបោកបក់មកលើ ឆ្នេរសមុទ្រភាគខាងត្បូង។

យោងតាម KMA បានឱ្យដឹងថា ព្យុះទី១១ នៅឆ្នាំនេះបានរំកិលចេញពី ទីក្រុងឆ្នេរសមុទ្រភាគអាគ្នេយ៍នៃទីក្រុង Ulsan ចម្ងាយ ៣០៧ គីឡូម៉ែត្រភាគអាគ្នេយ៍ នៃទីក្រុងសេអ៊ូល ឆ្ពោះទៅសមុទ្រខាងកើតនៅម៉ោង ៧ និង១០នាទី ព្រឹក បន្ទាប់ពីបានបោកបក់នៅជិតទីក្រុង Geoje ភាគខាងត្បូងនៅម៉ោង ៤ និង៥០នាទីព្រឹក ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top