ព័ត៌មានអន្តរជាតិ

អ្នកបាត់បង់ជីវិត ដោយសារទឹកជំនន់នៅ ប៉ាគីស្ថាន កើនដល់ជាង១៣០០នាក់ បន្តប៉ះពាល់មនុស្ស ជាង៣៣លាននាក់

បរទេស ៖ យោងតាមតួលេខ ដែលត្រូវបានធ្វើឡើង ដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសប៉ាគីស្ថាន បានបន្តប៉ះពាល់ដល់ពលរដ្ឋ ប្រមាណជាជាង៣៣លាននាក់ នៅឡើយ បូករួមទាំងជនភៀសខ្លួន អាហ្គានីស្ថានផង។

តួលេខគិតត្រឹម ថ្ងៃអង្គារម្សិលមិញនេះដែរ ក៏បានបង្ហាញថា ចំនួននៃអ្នកបាត់បង់ជីវិត ដោយសារទឹកជំនន់ នៅទូទាំងប្រទេស មានការកើនឡើង ទៅដល់១៣២៥នាក់ និងរបួស១២៧០៣នាក់ គិតចាប់តាំងតែពីវាបានចាប់ផ្តើមដំបូង កាលពីពាក់កណ្តាល ខែមិថុនាមកម្ល៉េះ។

ក្នុងនោះផងដែរ យូអិន ក៏បានរាប់ឃើញដែរថា អគារសុខាភិបាល សម្រាប់ផ្តល់សេវាសុខភាពជូនពលរដ្ឋ ប្រមានជា១៤៦០ទីតាំងទូទាំង ប្រទេសបានទទួលរងផល ប៉ះពាល់ដោយសារទឹកជំនន់ លើកនេះ ដោយក្នុងនោះប្រមាណជា៤៣២ទីតាំង ត្រូវបានបំផ្លាញ ទាំងស្រុងហើយ១០២៨ទីតាំង ទៀតរងការបំផ្លាញធ្ងន់ធ្ងរ ។

ចំណែកឯស្តុកឱសថ សម្រាប់ការងារសង្គ្រោះបន្ទាន់ ការផ្គត់ផ្គង់ និងសម្ភារៈវះកាត់តូចតាច សម្រាប់ដោះស្រាយអ្នកជំងឺរបួស ចាប់ផ្តើមមានចំនួនថយចុះ ខណៈដែលតំរូវការបន្ទាន់ ក្នុងការបង្កើនការតាមដានជំងឺ ស្ដារឡើងវិញនូវបរិក្ខារ សុខភាព ដែលរងការខូចខាត និងធ្វើយ៉ាងណាធានា ឲ្យបាននូវការផ្គត់ផ្គង់ថ្នាំ និងជាពិសេសការផ្តល់ ជំនួយសុខភាពដល់សហគមន៍ ដែលរងផលប៉ះពាល់៕

ប្រែសម្រួល៖ស៊ុនលី

To Top