សេអ៊ូល៖ មនុស្សចំនួន ៩នាក់ត្រូវបានទាញចេញពីយានដ្ឋានចតរថយន្តដែលត្រូវទឹកជន់លិច ភាគអាគ្នេយ៍នៃទីក្រុង Pohang ដែលក្នុងនោះ ២ នាក់នៅរស់រានមានជីវិត និង ៧ នាក់ផ្សេងទៀតបានស្លាប់ បន្ទាប់ពីត្រូវបានរកឃើញសភាពដែលសាច់ដុំបេះដូងឈាមកន្រ្តាក់ ខណៈដែលការស្វែងរកនៅតែបន្តសម្រាប់ជនរងគ្រោះដែលនៅសេសសល់បន្ទាប់ពីព្យុះទីហ្វុង Hinnamnor ។
យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ពួកគេទាំងអស់បានជាប់នៅក្នុងចំណតក្រោមដីនៅឯអគារផ្ទះល្វែងមួយក្នុងទីក្រុង Pohang ចម្ងាយប្រហែល ២៧០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល បន្ទាប់ពីបានទៅទីនោះដើម្បីផ្លាស់ទីរថយន្តរបស់ពួកគេ ចំពេលមានភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលមកពីព្យុះទីហ្វុង។
បុគ្គលិកជួយសង្គ្រោះបានរុករកយានដ្ឋានដែលលិចទឹកនោះ ហើយទាញមនុស្ស៩នាក់ចេញពីទឹក។
គិតត្រឹមម៉ោង៦ព្រឹកថ្ងៃពុធនេះ មនុស្សសរុប១០នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានបាត់ខ្លួន ដោយសារព្យុះទីហ្វុង នេះបើយោងតាមទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាព ចំណែកមនុស្ស បីនាក់ទៀតរងរបួស៕
ប្រែសម្រួលៈ ណៃ តុលា