បឺលីន៖ ស្ទើរតែមួយភាគបីនៃអគ្គិសនីរបស់ប្រទេសអាល្លឺម៉ង់បានមកពីរោងចក្រថាមពលដើរដោយធ្យូងថ្មនៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ កើនឡើង ១៧,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមលទ្ធផលបណ្តោះអាសន្ន ដែលចេញផ្សាយដោយការិយាល័យស្ថិតិសហព័ន្ធ (Dstatis) កាលពីថ្ងៃពុធ។
ការិយាល័យស្ថិតិសហព័ន្ធ Destatis បានឲ្យដឹងថា “សារៈសំខាន់នៃអគ្គិសនី ដែលបង្កើតដោយធ្យូងថ្ម សម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសអាល្លឺម៉ង់ បានបន្តកើនឡើង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជាការឆ្លើយតបទៅនឹងការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ី រដ្ឋាភិបាលអាល្លឺម៉ង់ បានអនុញ្ញាតឱ្យរោងចក្រថាមពលធ្យូងថ្ម ឬប្រេង ដំណើរការឡើងវិញ។ បទប្បញ្ញត្តិដែលត្រូវគ្នានឹងអនុវត្តដំបូងរហូតដល់ចុងបញ្ចប់នៃរដូវរងានៅដើមឆ្នាំ២០២៣ ។
រោងចក្រដុតធ្យូងថ្មដំបូងត្រូវបានយកមកវិញពីទុនបម្រុងហើយត្រូវបានតភ្ជាប់ទៅបណ្តាញអគ្គិសនី។ ទោះបីជាមានការត្រលប់មកវិញនៃធ្យូងថ្ម ជាបណ្តោះអាសន្នដោយសារតែវិបត្តិថាមពលក៏ដោយ ក៏រដ្ឋាភិបាលអាល្លឺម៉ង់ ប្រកាន់ខ្ជាប់នូវគោលដៅរបស់ខ្លួនក្នុងការបញ្ចប់ការប្រើប្រាស់ធ្យូងថ្មនៅឆ្នាំ២០៣០៕ប្រែសម្រួល ឈូក បូរ៉ា